(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពតនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ ចុះបានជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សថ្នាក់ទី១២ ឆ្នាំសិក្សា២០១៩-២០២០ ដែលមកពី ៣វិទ្យាល័យ ក្នុងស្រុកបន្ទាយមាស។
ពិធីសំណេះសំណាល និងសួរសុខទុក្ខនេះ ធ្វើឡើងនៅវិទ្យាល័យទូកមាស ស្ថិតក្នុងឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។
នាឱកាសនោះដែរ លោកអភិបាលខេត្ត ជាវ តាយ បានសម្ដែងអំណរគុណ និងកោតសរសើរលោកគ្រូ អ្នកគ្រូ រួមនឹងអាជ្ញាធរមូលដ្ឋាន សហគមន៍ អាណាព្យាបាលទាំងអស់ ដែលបានបង្កឱកាសគ្រប់ យ៉ាងដល់សិស្សានុសិស្ស បានទទួលការអប់រំក្នុងបរិបទកូវីដ-១៩ ដែលជំងឺនេះ បាននិងកំពុងរាតត្បាតយ៉ាងខ្លាំងក្លា នៅក្នុងពិភពលោក ក៏ដូចនៅក្នុងប្រទេសកម្ពុជាផងដែរ។
លោកអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់លោកគ្រូ អ្នកគ្រូសិស្សានុសិស្សទាំងអស់ បន្តយកចិត្តទុកដាក់ ថែរក្សាសុខភាពពិសេសអនុវត្តនូវការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុនសែន ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាវិធានការណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីយើងរួមគ្នា បង្ការទប់ស្កាត់ជំងឺកូវីដ-១៩នេះ កុំឱ្យឆ្លងចូលក្នុងសហគមន៍ ឱ្យបានដាច់ខាត ព្រោះជំងឺនេះនៅមិនទាន់បានរលត់ ឬធូរស្បើយពីពិភពលោកនៅឡើយទេ។
លោកអភិបាលខេត្ត ក៏បានផ្ដាំផ្ញើ ដល់សិស្សានុសិស្សទាំងអស់ ត្រូវយកចិត្តទុកដាក់ខិតខំសិក្សារៀនសូត្រ ពិសេសសូមយកសៀវភៅកម្រងវិញ្ញាសារ ដែលបានចែកជូនពេលនេះយកទៅស្រាវជ្រាវ សិក្សាអនុវត្តសាកល្បងជាគំរូវិញ្ញាសារ សម្រាប់ការវាស់ស្ទង់សមត្ថភាព ដើម្បីត្រៀមលក្ខណៈក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០២០ខាងមុខនេះ ឱ្យទទួលបានលទ្ធផលជោគជ័យទាំងអស់គ្នា។
លោកអភិបាលខេត្ត ជាវ តាយ ក៏បានផ្ដល់ជូននូវថវិកាដល់លោកគ្រូ អ្នកគ្រូចំនួន ៩៣នាក់ ក្នុងម្នាក់ៗ ៥ម៉ឺនរៀល និងសិស្សានុសិស្សចំនួន៧០៣នាក់ ក្នុងម្នាក់ថវិកា ២ម៉ឺនរៀល និងសៀវភៅកម្រងវិញ្ញាសារផងដែរ។
សូមបញ្ជាក់ថា យោងតាមរបាយការណ៍ របស់ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត សិស្សានុសិស្ស សម្រាប់ឆ្នាំសិក្សា ២០១៩-២០២០ នេះនៅទូទាំងខេត្តកំពត មានបេក្ខជនចំណេះទូទៅ និងបេក្ខជនស្វាយរិន ដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ សរុបចំនួន ៥៣៥៨នាក់ ក្នុងនោះសិស្សស្រីចំនួន ២៧០១នាក់៕