(ភ្នំពេញ)៖ ដើម្បីចូលរួមបង្ការរាលដាលជំងឺកូវីដ-១៩ ដែលបញ្ហាប្រឈមនៅចំពោះមុខ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលជាថ្ងៃបុណ្យឯករាជ្យជាតិ និងជាថ្ងៃខួបកំណើតកងយោធពលខេមរភូមិន្ន លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានដឹកនាំកម្លាំងចម្រុះ ចុះយុទ្ធនាការ ប្រមូលសម្រាម រើសសម្រាម និងបាញ់ទឹកសំអាតផ្លូវជាតិលេខ១ ដើម្បីសណ្តាប់ធ្នាប់ល្អ បរិស្ថាន អនាម័យល្អ។
យុទ្ធនាការនេះដែរ លោកអភិបាលខណ្ឌបានណែនាំឱ្យមន្ត្រីក្រុមការងារ និងកងកម្លាំង ក្នុងជួរគណៈបញ្ជាការឯកភាពខណ្ឌ សង្កាត់ ត្រូវយកចិត្តទុកដាក់ និងពង្រឹងបន្ថែមទៀតលើការងារសន្តិសុខ សណ្តាប់ធ្នាប់ បរិស្ថាន អនាម័យជាប់ជាប្រចាំ ដើម្បីទីក្រុងស្អាត បរិស្ថានអនាម័យល្អ បង្ការជំងឺកូវីដ-១៩។ លើសពីនេះទៀតត្រូវប្រាប់ដល់ប្រជាពលរដ្ឋចូលរួម សហការទុកដាក់ និងវេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ និងតាមពេលវេលាដែលបានកំណត់ ដេីម្បីងាយស្រួលដល់ក្រុមការងារប្រមូលសំរាមឱ្យបានស្អាតក្នុងមូលដ្ឋានមានបរិស្ថានល្អស្អាតមិនឆ្លងកូវីដ-១៩។
ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌ ក៏បានក្រើនរំលឹកអោយកងកម្លាំងគ្រប់ផ្នែក មន្ត្រីក្រុមការងារគ្រប់ការិយាល័យរួមទាំងលោកចៅសង្កាត់ ត្រូវចូលផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអោយបានទូលំទូលាយពីវិធានការបង្ការ ទប់ស្កាត់ ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដែលកំពុងតែគំរាមកំហែងសុខភាពនិងជីវភាពរស់ នៅរបស់ប្រជាពលរដ្ឋជាសកល។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ន បានចេញលិខិតបន្ទាន់មួយ ដោយសម្រេចការបិទ KTV ក្លឹបកម្សាន្ត រោងភាពយន្ត និងសារមន្ទីរ នៅទូទាំងប្រទេស ដើម្បីការពារការរីករាលដាលជំងឺកូវីដ-១៩។
លិខិតរបស់លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រសួងសុខាភិបាល សូមជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងទេសចរណ៍ លោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្តម លោកជំទាវ អភិបាលនៃ គណៈអភិបាលរាជធានី-ខេត្ត មេត្តាជ្រាបថា ដោយបានគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី សម្ដេចតេជោនាយករដ្ឋមន្ត្រី សូមបិទ KTV ក្លឹបកម្សាន្ត រោងភាពយន្ត និងសារមន្ទីរ នៅទូទាំងប្រទេស ដោយអនុវត្តចាប់ពីថ្ងៃចុះហត្ថលេខានេះ តទៅ រហូតដល់មានការជូនដំណឹងជាថ្មី»។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានស្នើឱ្យរដ្ឋមន្ត្រី និងអភិបាលនៃគណៈ អភិបាលរាជធានី-ខេត្ត ចាត់ចែងអនុវត្តទៅតាមសមត្ថកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធភាពខ្ពស់៕