(ភ្នំពេញ)៖ លោក ឡុង ឌីម៉ង ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណៈរដ្ឋកូរ៉េ និងសហការី បានប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៦៧ ទិវាបុណ្យឯករាជ្យជាតិ និងខួបកំណើតកងយោធពលខេមរភូមិន្ទ នៅមជ្ឍមណ្ឌលវប្បធម៌ខ្មែរ នៅទីក្រុងអានសាន។
ក្នុងពិធីនោះ ក៏មានមន្ត្រីរាជការស្ថានទូត និងក្រុមគ្រួសារ និស្សិត អនិកជនខ្មែររស់នៅកូរ៉េខាងត្បូង ពលករ ពលការនី និងភ្ញៀវជនជាតិកូរ៉េ ចូលរួមប្រមាណជាង៨០នាក់។
កម្មវិធីក៏បានបញ្ចាំងនូវវីដេអូឯកសារ ស្ដីពីការតស៊ូដណ្ដើមឯករាជ្យជាតិ រំលឹកអំពីប្រវត្តិសាស្ត្រកម្ពុជា អំពីការតស៊ូរបស់បុព្វបុរស ការបង្រួបបង្រួមជាតិ រហូតទទួលបានសន្ដិភាពពេញលេញដូចបច្ចុប្បន្ន និងបានរៀបចំឲ្យអង្គពិធីទាំងមូល ចូលរួមច្រៀងចម្រៀងបទ ពង្សាវតារខ្មែរ ជនជាតិខ្មែរ និងបទដែនដីខ្មែរ ដោយពរពេញដោយក្ដីរំភើប រំជើបរំជួល។
ជាមួយគ្នានេះ លោក ឡុង ឌីម៉ង និងសហការី ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិ ក៏បានប្រារពពិធីដាល់អំបុក និងអកអំបុក បង្ហាញពីវប្បធម៍ខ្មែរ ប្រកបដោយភាពរីករាយ ដោយគោរពតាមវិធានការសុវត្ថិភាពរបស់អាជ្ញាធរ ដើម្បីបង្កាទប់ស្កាត់ នៃការរីករាលដាល នៃមេរោគកូវីដ-១៩៕