(ព្រះសីហនុ)៖ បុរសជនជាតិណ័រវេម្នាក់ បានដេកស្លាប់ក្នុងសណ្ឋាគារ «គ្រីស្តាល់អូរឈើទាល» ស្ថិតនៅឆ្នេរអូឈើទាល ក្នុងភូមិ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ នៅម៉ោងប្រមាណ ២០៖៣០នាទីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៦។
សមត្ថកិច្ចខេត្តព្រះសីហនុ បានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ DAHLSTROM SVEN ATLE សញ្ជាតិណ័រវេ អាយុ ៤៧ឆ្នាំ។ ជនរងគ្រោះ រួមនិងមិត្តភ័ក្តិឈ្មោះ TUNESTVEDT KENNET ភេទប្រុស សញ្ជាតិណ័រវេដូចគ្នា បានចូលស្នាក់នៅសណ្ឋាគារគ្រីស្តាល់ កន្លែងកើតហេតុ កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៦។
ប្រភពពីមិត្តភក្កិរបស់ជនរងគ្រោះលោក TUNESTVEDT KENNET បានឲ្យដឹងថា មុនកើតហេតុរូបគេ និងជនរងគ្រោះ បាននាំគ្នាផឹកស្រាវីស្គី លាយជាមួយកូកាកូឡា អស់ជិត២ដប ក្រោយមកក៏ស្រវឹងរៀងៗខ្លួន ហើយក៏ចូលគេងគ្រែម្នាក់មួយ។ លុះដល់ម៉ោងប្រហែល២០៖៣០នាទី ពេលភ្ញាក់ពីដេក ស្រាប់តែឃើញមិត្តភក្កិ គេងនៅប្រលោះគ្រែទៅវិញ ដោយទំនងជារមៀលធ្លាក់ និងឃើញមុខមាត់ ដៃជើង មានសភាពស្លេកស្លាំង។ ភ្លាមនោះរូបគេ ក៏បានរត់ចុះប្រាប់ទៅអ្នកគ្រប់គ្រងសណ្ឋាគារ ឲ្យជួយយកមិត្តភក្កិទៅពេទ្យ ពេលអ្នកគ្រប់គ្រប់ចូលដល់ក្នុងបន្ទប់ ក៏បានដឹងថាស្លាប់បាត់ទៅហើយ រួចក៏បានរាយការណ៍បន្តទៅអាជ្ញាធរមូលដ្ឋានតែម្តង។
ឆ្លងតាមការធ្វើកោសល្យវិច័យរបស់សមត្ថកិច្ចជំនាញ និងលោកវេជ្ជបណ្ឌិត សែជូ សិទ្ធិជោត អនុប្រធានមន្ទីរសុខាភិបាលខេត្ត បានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង។ សពជនរងគ្រោះ ត្រូវបានរក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ រង់ចាំការសម្រេចពីក្រុមគ្រួសារ និងស្ថានទូត៕