(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងថា ៩ វិច្ឆិកា ឆ្នាំ១៩៥៣-៩ វិច្ឆិកា ឆ្នាំ២០២០ គឺជាខួបអនុស្សាវរីយ៍លើកទី៦៧ និងជាពេលវេលាដែល ប្រជានុរាស្ដ្រទូទាំងនគរ នៅតែចងចាំជានិច្ច និងបានចារទុកក្នុងក្រាំងមាស នៃប្រវត្តិសាស្ត្រជាតិ នូវមហាករុណាទិគុណ ប្រកបដោយព្រះព្រហ្មវិហារធម៌ដ៏ជ្រាលជ្រៅរបស់ព្រះករុណា សម្ដេចព្រះនរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានបូជាព្រះកាយពល និងព្រះបញ្ញាញាណដ៏ឈ្លាសវៃ ដើម្បីបុព្វហេតុឯករាជ្យជាតិ បូរណភាពទឹកដី សេចក្តីថ្លៃថ្នូរ សេចក្តីសុខសាន្ត និងការរីកចម្រើន នៃសង្គមជាតិ ដែលដណ្តើមបានឯករាជ្យពីអាណានិគមបារាំង។
ការលើកឡើងបែបនេះរបស់លោក អ៊ុន ចាន់ដា បានធ្វើឡើងនៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅក្នុងឱកាសដែលរដ្ឋបាលខេត្តកំពង់ចាម បានរៀបចំពិធីអបអរសាទរ ៩ វិច្ឆិកា ឆ្នាំ១៩៥៣-៩ វិច្ឆិកា ឆ្នាំ២០២០ ដើម្បីរំឭកពីការទទួលបានឯករាជ្យពីអាណានិគមបារាំង ក្រោមព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ក្រោមវត្តមានលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម ព្រមទាំងប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងប្រដាប់អាវុធទាំង៣ប្រភេទ និងមានការចូលរួមពីមហាជនជាច្រើនទៀត។
ស្ថិតក្នុងឱកាសនោះ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានថ្លែងថា ថ្ងៃនេះកាលពី៦៧ឆ្នាំមុន ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំ កងជីវពលក្នុងព្រះរាជបេសកកម្ម ដ៏ឧត្តុង្គឧត្តមរបស់ ព្រះករុណា ព្រះបាទ សម្ដេច ព្រះនរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវីររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរដ្ឋនកោដ្ឋ ក្នុងការទាមទារឯករាជ្យពីអានិគមនិយមបារាំង។
លោក អ៊ុន ចាន់ដា បានឱ្យដឹងថា ព្រះអង្គបានបង្រួបបង្រួមអ្នកនយោបាយ ដែលបែកបាក់គ្នា ឬអ្នកមាននិន្នាការនយោបាយផ្សេង ឱ្យរួបរួមគ្នាចូលរួម បម្រើប្រជារាស្រ្តអស់ពីកម្លាំងកាយចិត្ត និងបានស្ថាបនាសង្គមរាស្រ្តនិយមដែលជាស្នាមព្រហស្ថ ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ជាពិសេសព្រះអង្គបាន ត្រួសត្រាយមាគ៌ាសន្តិភាព សាមគ្គីភាព និងការអភិវឌ្ឍន៍ សម្រាប់សង្គមជាតិខ្មែរ ទាំងមូលដែលប្រជារាស្ត្រជំនាន់ក្រោយ ពិសេសថ្នាក់ដឹកនាំ និងអ្នកនយោបាយតែងដង្ហែតាមមាគ៌ាដ៏ថ្លៃថ្លានេះរហូតមក។
លោកអភិបាលខេត្តបានបន្ថែមថា ក្រោយពេលទទួលបានឯករាជ្យប្រទេសកម្ពុជាយើង មានការអភិវឌ្ឍលើគ្រប់វិស័យ ប៉ុន្តែជាអកុសល ក្រោយពេលរដ្ឋប្រហារ ១៨ មីនា ឆ្នាំ១៩៧០ ធ្វើឱ្យប្រទេសកម្ពុជាធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិល រ៉ាំរ៉ៃជិត ៣ទសវត្ស ប្រទេសជាតិជួបប្រទះតែអសន្តិសុខ នឹងទទួលរងការបំផ្លិចបំផ្លាញលើគ្រប់វិស័យ។ ប៉ុន្តែបន្ទាប់មក ក្រោមនយោបាយឈ្នះឈ្នះ នៃការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យកម្ពុជា មានសុខសន្តិភាពពេញលេញ នឹងមានឱកាសនៃការអភិវឌ្ឍប្រទេសជាតិ ចាប់ពីចំណុចសូន្យ រហូតដល់សព្វថ្ងៃនេះ។
លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា ជាក់ស្ដែង ដូចជាខេត្តកំពង់ចាម បានទទួលសមិទ្ធផលដូចជា៖ ស្ពានគឺហ្សូណា ឆ្លងកាត់ទន្លេមេគង្គ និងស្ពានឆ្លងកាត់ទន្លេមេគង្គស្រុកស្ទឹងត្រង់ ស្រុកក្រូចឆ្មារ ផ្លូវជាតិលេខ៦ លេខ៧ និងផ្លូវគមនាគមន៍ខ្វាត់ខ្វែង គ្រប់ច្រកល្ហក សាលារៀន វត្តអារាម មន្ទីរពេទ្យ រោងចក្រសហគ្រាសជាដើម។ល។ ដែលសមិទ្ធផលទាំងអស់នេះ កើតឡើងទៅបាន ដោយសារកត្តាសុខសន្តិភាព។
ទន្ទឹមនឹងនេះដែរ អភិបាលខេត្តកម្ពុជាចាមរូបនេះ បានគូសបញ្ជាក់ថា កត្តាសន្តិភាព ស្ថេរភាពសង្គម បានបង្កើតទំនុកចិត្ត ឲ្យអ្នកវិនិយោគ មកដាក់ទុន បង្កើតរោងចក្រសហគ្រាសតូច ធំ ក្នុងខេត្តកំពង់ចាម ដែលបានស្រូបយកកម្លាំងពលកម្មប្រមាណជាង៣ម៉ឺននាក់ និងបានបង្កើតការងារជាច្រើនកន្លែងផ្សេងទៀត ដែលជាការចូលរួមលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ បង្កើនកំណើន សេដ្ឋកិច្ចខេត្ត និងសេដ្ឋកិច្ចជាតិ និងចូលរួមចំណែក ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕