(ភ្នំពេញ)៖ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ គឺជាខួប៦៧ឆ្នាំ ដែលប្រជាជាតិកម្ពុជាទាំងមូល បានរំដោះខ្លួនទាំងស្រុងចេញពីអាណានិគមបារាំង ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំដ៏ក្លៀវខ្លារបស់ព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ។
ដូចបណ្តាឆ្នាំកន្លងទៅដែរ ដើម្បីរំលឹកដល់ថ្ងៃជាប្រវត្តិសាស្ត្រនៃការដណ្តើមបានមកវិញនូវសិទ្ធិសេរីភាព និងភាពជាម្ចាស់ទឹកដីនៃប្រទេសកម្ពុជា ពិធីអបអរសាទរត្រូវបានប្រារព្ធ ធ្វើឡើងយ៉ាងកងរំពងនៅលើបរិវេណវិមានឯករាជ្យក្នុងរាជធានីភ្នំពេញ ទីតាំងនិមិត្តរូបការដណ្តើមបានឯករាជ្យ។
ពិធីអបអរសាទររំលឹកខួបនៃការដណ្តើមបានឯករាជ្យ ឆ្នាំ២០២០នេះ ត្រូវបានប្រារព្ធឡើងក្រោមរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បុត្រាព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិខ្មែរ។ ពិធីនេះក៏មានការអញ្ជើញចូលរួមអបអរសាទរ ពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាល មន្ត្រីរាជការ សិស្សានុសិស្ស យុវជន និងប្រជាពលរដ្ឋជាច្រើនរូបទៀត។
សូមទស្សនាកម្ររូបភាព បុណ្យខួបអនុស្សាវរីយ៍លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ឆ្នាំ២០២០៖