(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងថា ការបរិច្ចាគថវិកាពីសប្បុរសជននានា ដើម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ បានបង្ហាញពីកម្លាំងសាមគ្គីជាតិដ៏រឹងមាំ។
លោកថ្លែងបែបនេះក្នុងកម្មវិធីប្រកួតបាល់ទាត់មនុស្សធម៌ ប្រមូលថវិកាជួយជនរងគ្រោះដោយទឹកជំនន់ អតីតយុទ្ធជន យោធិនពិការ និងគ្រួសារយោធិនមានជីវភាពខ្វះខាត ដែលកម្មវិធីធ្វើឡើងនៅកីទ្បដ្ឋាន Smart RSN Stadium នាថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០។
ក្នុងឱកាសនោះ លោក ហ៊ុន ម៉ាណែត បានអរគុណក្រុមការងារគ្រប់គ្រងនិស្សិត អាហារូបករណ៍សម្តេចអគ្គសេនាបតីតេជោ និងសម្តេចគិតិ្តព្រឹទ្ធបណ្ឌិត (អ.ម.ត) ក្រុម LP8 និងសប្បុរសជនទាំងអស់ ដែលបានបរិច្ចាគនូវធនធានថវិកា និងសម្ភារ តាមរយៈកម្មវិធីនេះ ក្នុងបុព្វហេតុមនុស្សធម៌ជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ដែលកំពុងជួបប្រទះការលំបាកក្នុងគ្រាអាសន្ន។
លោកបណ្ឌិត ចាត់ទុកថា កាយវិការ និងទឹកចិត្តដ៏សប្បុរសនេះ គឺជាការចូលរួមដ៏ថ្លៃថ្លាបំផុតនៅក្នុងគ្រាដ៏លំបាកនេះ ហើយក៏បានឆ្លុះបញ្ចាំងឱ្យឃើញអំពីកម្លាំងសាមគ្គីភាពជាតិដ៏រឹងមាំ ស្មារតីចែករំលែក រួមសុខរួមទុក្ខ ដែលកម្លាំងនេះនឹងជួយឱ្យប្រទេសជាតិ និងប្រជាជនយើងអាចឆ្លងកាត់, ជម្នះបាននូវរាល់ឧបសគ្គ និងគ្រោះមហន្តរាយនានា ដែលកំពុងកើតឡើងចំពោះមុខ។
លោក ហ៊ុន ម៉ាណែត បន្ថែមថា «គោលដៅចម្បងនៃកម្មវិធីថ្ងៃនេះ គឺជាការសម្រេចជោគជ័យក្នុងចលនារួមគ្នា ដើម្បីជួយដល់ប្រជាពលរដ្ឋ អតីតយុទ្ធជន និងយោធិនរបស់យើងដែលកំពុងប្រឈមនឹងកាលៈទេសៈដ៏លំបាកនៃគ្រោះទឹកជំនន់ ហើយពិតជាល្អណាស់ដែលប្អូនៗ និសិ្សតអាហាររូបករណ៍សម្តេចអគ្គសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទាំងអស់រួបរួមគ្នាធ្វើសកម្មភាពមនុស្សធម៌ដ៏ថ្លៃថ្លានេះ» ។
បើតាមលោកបណ្ឌិត, ការប្រកួតនេះ គឺប្រកួតនៅក្នុងស្មារតីមិត្តភាព និងសាមគ្គីភាព ដើម្បីចូលរួមចំណែកទាំងអស់គ្នា ជួយទៅដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ កន្លងមកដែលកំពុងតែត្រូវការជំនួយចាំបាច់ ជាពិសេសនៅក្នុងដំណាក់កាលនៃការស្តាទ្បើងវិញនាពេលនេះ៕