(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានសេចក្ដីជូនដំណឹង ស្ដីពី ការផ្អាកការបណ្ដុះបណ្ដាលនៅតាមគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ នៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្ដាល រយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃនេះតទៅ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាន។
ការផ្អាកនេះត្រូវបានក្រសួងការងារអះអាងថា ជាវិធានការ ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ ចូលក្នុងគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និងការរីករាលដាលក្នុងសហគមន៍។
សេចក្តីជូនដំណឹងបញ្ជាក់យ៉ាងដូច្នេះថា «ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សូមជម្រាបជូនឯកឧត្តម លោកជំទាវ លោក លោកស្រីជា នាយក នាយិកានៃគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ បុគ្គលិក មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល សិស្ស-និស្សិត សិក្ខាកាម និងសាធារណជនទាំងអស់មេត្តាជ្រាបថា៖ គ្រឹះស្ថានអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ សាធារណៈ ឯកជន សមាគម អង្គការជាតិ និងអន្តរជាតិ ទាំងអស់នៅ រាជធានីភ្នំពេញ និងទីរួមខេត្តកណ្ដាល ត្រូវផ្អាកការបណ្ដុះបណ្ដាលជាបណ្ដោះអាសន្ន រយៈពេល០២សប្តាហ៍ ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ។ គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ត្រូវបន្តដំណើរការ បង្រៀន និងរៀនតាមប្រព័ន្ធបណ្ដុះបណ្ដាលពីចម្ងាយ ឬ អនឡាញ (ONLINE)»៕
ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងការងារ៖