(ភ្នំពេញ)៖ ខណៈខួបលើកទី៦៧ នៃការទទួលបានឯករាជ្យភាពពេញលេញរបស់កម្ពុជាបានឈានចូលមកដល់នោះ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានបង្ហាញខ្លឹមសារស៉ីជម្រៅចំនួន ៣ ចំណុចនៃពាក្យថា «ឯករាជ្យភាព» នេះ ដើម្បីផ្សព្វផ្សាយជូនជនរួមជាតិកម្ពុជាបានយល់កាន់តែច្បាស់។
លោកបានអះអាងថា ឯករាជ្យភាពនេះ មិនមែនមានន័យត្រឹមតែជាពាក្យពេចន៍ពំនោល និងការចងចាំប៉ុណ្ណោះទេ ប៉ុន្តែក៏មានខ្លឹមសារដែរថា៖
* ទី១៖ ជារបត់ដែលកម្ពុជាអាចដណ្តើមបានមកវិញដោយជោគជ័យ នូវសិទ្ធិសម្រេចលើជោគវាសនារបស់ប្រទេសជាតិដោយខ្មែរខ្លួនឯង។ សិទ្ធិសម្រេចនេះសំដៅទៅលើឯករាជ្យ អធិបតេយ្យ ការមិនអនុញ្ញាតឱ្យប្រទេសណាមកបញ្ជាណែនាំក្នុងការអនុវត្តនយោបាយការបរទេស ជាពិសេសនយោបាយក្នុងប្រទេស ទោះតាមរូបភាពណាក៏ដោយ។
ប្រជាពលរដ្ឋម្ចាស់ប្រទេសមិនទទួលយកជាដាច់ខាត ចំពោះការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា និងសូមថែរក្សាសិទ្ធិក្នុងការឆ្លើយតបដោយសមាមាត្រ រួមទាំងសិទ្ធិការពារខ្លួនក្នុងនាមជាប្រទេសអធិបតេយ្យ។
* ទី២៖ ជាមោទនភាពដែលកម្ពុជាខ្លួនឯងអាចសម្រេចបាននូវការអភិវឌ្ឍប្រទេសជាតិ ចេញពីបាទដៃទទេរហូតមកដល់ថ្ងៃនេះ ក្រោមការដឹកនាំមួយដ៏ហ្មត់ចត់ និងច្បាស់លាស់ ជាមួយនឹងភាពទទួលខុសត្រូវ ការលះបង់ និងការតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ។
ប្រជាពលរដ្ឋកម្ពុជាក៏មិនភ្លេចមិត្ត និងដៃគូដែលបានជួយជ្រោមជ្រែងក្នុងដំណាក់កាលដែលកម្ពុជាពិបាកនោះទេ។ កូនខ្មែរត្រូវចាំថាខ្លួនត្រូវចេះជួយខ្លួនឯង ខំប្រឹងដោយខ្លួនឯង សម្រេចជោគជ័យដោយខ្លួនឯងផ្អែកលើ ស្មារតី «ជឿថាខ្មែរធ្វើបាន»។
កម្ពុជាសម្រេចបានច្រើនណាស់សម្រាប់ប្រទេសជាតិ និងប្រជាជនក្នុងរយៈពេលជាង៤០ឆ្នាំចុងក្រោយ ជាពិសេសរយៈពេល២០ឆ្នាំ ក្រោយនយោបាយឈ្នះ-ឈ្នះ ប៉ុន្តែការងារដែលត្រូវបំពេញសម្រាប់អនាគតកម្ពុជា ដូចចែងក្នុងទស្សន: 3C នៅមានច្រើនទៀត ដើម្បីសម្រេចបានចក្ខុវិស័យនៅឆ្នាំ២០៥០ ដែលប្រជាពលរដ្ឋនៅកម្ពុជានឹងទទួលបានចំណូលកម្រិតខ្ពស់។
* ទី៣៖ ជាគុណបំណាច់នៃសន្តិភាព ទើបមានគេនិយាយសុះសាយទូទាំងប្រទេសថា «អរគុណសន្តិភាព» សំដៅលើគុណតម្លៃ និងអត្ថន័យនៃសន្តិភាពសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប។
ប្រទេសដ៏កម្សត់នេះបានឆ្លងកាត់សង្គ្រាមរ៉ាំរ៉ៃ ការបែកបាក់ផ្ទៃក្នុង ដែលមូលហេតុចម្បងនៃបញ្ហានេះ ស្តែងចេញពីកត្តាភូមិសាស្រ្តនយោបាយក្នុងតំបន់ ជាពិសេសក្នុងដំណាក់កាលសង្គ្រាមត្រជាក់ ក្នុងនោះប្រជាពលរដ្ឋក៏មិនគួរភ្លេចរដ្ឋប្រហារឆ្នាំ១៩៧០ ដែលធ្វើឡើងដោយ លន់ ណុល ការស្លាប់របស់ប្រជាជនខ្មែរស្លូតត្រង់រាប់លាននាក់ក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម និងចុងក្រោយគឺការហ៊ុមព័ទ្ធសេដ្ឋកិច្ចក្នុងទសវត្សរ៍៨០។
ចេញពីកត្តាទាំងនេះ ថ្នាក់ដឹកនាំបានយកជីវិតធ្វើជាដើមទុន ខំប្រឹងក្រោកឈរដោយលំបាក ហើយតាមរយៈពលីកម្ម និងការលះបង់គ្រប់បែបយ៉ាង ថ្នាក់ដឹកនាំបានរំដោះជាតិ បង្រួបបង្រួមជាតិ និងជំរុញការអភិវឌ្ឍមកដល់ថ្ងៃនេះ ដែលនេះជាអ្វីដែលកម្ពុជាមានមោទនភាព និងជាមូលដ្ឋាននៃការជឿជាក់ថា «ខ្មែរធ្វើបាន» ដូច្នេះប្រជាពលរដ្ឋគួរមានមោទនភាពចំពោះសន្តិភាពដែលសម្រេចបានសម្រាប់ប្រទេស និងប្រជាជនដោយលំបាកនេះ។
សូមជម្រាបថា នាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ កម្ពុជាបានទទួលឯករាជ្យភាពពេញលេញពីសាធារណរដ្ឋបារាំង បន្ទាប់មហាអំណាចអឺរ៉ុបមួយនេះដាក់អាណានិគមលើប្រទេសកម្ពុជាអស់រយៈពេលជិតមួយសតវត្សរ៍ ពោលគឺតាំងពីឆ្នាំ១៨៦៣មក៕