(បាត់ដំបង)៖ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោក ហួត ហាក់ តំណាងលោក ហ៊ុន ម៉ាណែត អមដំណើរដោយលោក កើត សេកាណូ និងសហការី បាននាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់ ចំនួន៦០៥គ្រួសារ នៅឃុំគារ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។
ការចែកអំណោយថ្ងៃនេះ ក៏ដោយសារមានការយកចិត្តទុកដាក់ពីលោក អង្គ វង្សវឌ្ឍានា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកមោងឫស្សី និងលោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ជាអនុប្រធាន។
តាមរបាយការណ៍របស់លោក មាស សឿប មេឃុំគារ បានបញ្ជាក់ថា កាលពីថ្ងៃទី១១ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ ឃុំគារបានទទួលរងជំនន់ទឹកភ្លៀង ដែលបណ្តាលឱ្យមានការខូចខាតផ្លូវគ្រួសប្រវែង ២៩៥០ម៉ែត្រ ផ្លូវដីប្រវែង ៣៩០០ម៉ែត្រ ប្រព័ន្ធធារាសាស្ត្រប្រវែង ១១០០ម៉ែត្រ សាលារៀន ៥កន្លែង វត្ត២កន្លែង ស្រូវចំនួន ១៣៧៦ហិកតា ផ្ទះចំនួន ៥៦០ខ្នង ត្រូវជា ៦០៥គ្រួសារ។
លោកមេឃុំគារ បានបន្តថា ដោយសារតែមានការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃរាជរដ្ឋាភិបាល ចំពោះសុខទុក្ខប្រជាពលរដ្ឋ វិធានការជាច្រើនត្រូវបានដាក់ចេញ ដើម្បីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋពីគ្រោះថ្នាក់ដោយសារទឹកជំនន់កន្លងមក គ្រឿងឧបភោគបរិភោគជាច្រើនរបស់ក្រុមការងារចុះជួយឃុំគារ ត្រូវបាននាំយកទៅចែកជូនប្រជាពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់ជាបន្តបន្ទាប់។
ដោយឡែក នៅថ្ងៃនេះ គ្រួសាររងគ្រោះដោយសារទឹកជំនន់ចំនួន ៦០៥គ្រួសារ ក៏បានទទួលអំណោយដ៏ថ្លៃថ្លារបស់លោក ហ៊ុន ម៉ាណែត បន្ថែមទៀត ដែលក្នុងមួយគ្រួសារទទួលបានអង្ករ ២០គីឡូក្រាម មី១កេស ទឹកត្រី ១យួរ និងទឹកស៉ីអ៉ីវ ១យួរ។
ប្រជាពលរដ្ឋនៅឃុំគារ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះលោក ហ៊ុន ម៉ាណែត និងសហការី និងប្តេជ្ញាចូលរួមថែរក្សាសន្តិភាពជាមួយរាជរដ្ឋាភិបាល ឱ្យនៅគង់វង្សជារៀងរហូត៕