(ភ្នំពេញ)៖ លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានតែងតាំងមន្រ្តី ៥រូប តាមដានមតិមហាជន ដែលបង្ហោះតាមទំព័រ Facebook សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ពាក់ព័ន្ធវិស័យអភិវឌ្ឍន៍ជនបទ។
យោងតាមសេចក្តីសម្រេចរបស់លោក ជា សុផារ៉ា ដែលធ្វើឡើងនៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានឲ្យដឹងថា មន្រ្តីទាំង ៥រូប ដែលចាំតាមដានសកម្មភាពមហាជននេះរួមមាន៖
១. លោក សួស គង់ រដ្ឋលេខាធិការ
២. លោក ទូច ស៊ីផាត ប្រធានការិយាល័យស្រាវជ្រាវ
៣. កញ្ញា នូសុវត្ថិ ចាន់វត្តី មន្រ្តីខុទ្ទកាល័យ
៤. កញ្ញា ហែម សុហ្វីយ៉ា អនុប្រធានការិយាល័យសម្ភារៈ
៥. កញ្ញា ច័ន្ទ សូរិយា អនុប្រធានការិយាល័យកិច្ចការទូទៅ
សូមបញ្ជាក់ថា ការចាត់តាំងមន្រ្តីតាមដានមតិមហាជនរបស់ក្រសួងអភិវឌ្ឍន៍ជនបទ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានចេញសេចក្តីណែនាំមួយនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៦ម្សិលមិញនេះ ឲ្យគ្រប់រដ្ឋមន្រ្តីគ្រប់ក្រសួងទាំងអស់ ចាត់តាំងមន្រ្តីក្រុមការងារឲ្យតាមដាន Facebook របស់សម្តេច ស្តាប់រាល់បញ្ហារបស់មហាជន និង ដោះស្រាយឲ្យទាន់ពេលវេលា៕