(បាត់ដំបង)៖ នាព្រឹកថ្ងៃអាទិត្យទី០៨ ខែវិច្ឆិកានេះ បន្ទាប់ពីចូលរួមកម្មវិធីចែកពូជស្រូវជាង ១ពាន់តោនដល់ជនរងគ្រោះដោយគ្រោះទឹកជំនន់ជាង ១ម៉ឺនគ្រួសាររួចនោះ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន ចុះប្រគល់ផ្ទះចំនួន ៨ខ្នងជូនដល់គ្រួសារអតីតយុទ្ធជនក្រលំបាក និងខ្វះខាត នៅភូមិបាណង់ ឃុំស្តៅ ស្រុករតន:មណ្ឌល ខេត្តបាត់ដំបង។
ពិធីនេះមានការអមដំណើរដោយលោក អ៊ុក ឃ្នួច អគ្គលេខាធិការរង គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលសមាគមអតីតយុទ្ធជន, ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើកគោក មេបញ្ជាការ យោធភូមិភាគទី៥ និងឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថ។
នៅក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី គន់ គីម បាននាំយកនូវប្រសាសន៍សាកសួរសុខទុក្ខ និងការនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់គ្រួសារអតីតយុទ្ធជន។
លោកទេសរដ្ឋមន្ត្រី ក៏បានបានលើកបង្ហាញពីការយកចិត្តទុកដាក់លើសុខទុក្ខអតីតយុទ្ធជន ពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតផងដែរ។ លោកទេសរដ្ឋមន្ត្រី បានលើកឡើងថា ដើម្បីដោះស្រាយការលំបាករបស់អតីតយុទ្ធជន សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវគោលនយោបាយផ្តល់ដីសម្បទានសង្គមកិច្ចសម្រាប់សង់លំនៅឋាន និងបង្កបង្កើនផល និងមានផ្តល់នូវថវិកាឧបត្ថម្ភផ្សេងៗទៀត ពេលក្រុមគ្រួសារអតីតយុទ្ធជនជួបការលំបាក។
ក្នុងឱកាសនោះលោកទេសរដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើអាជ្ញាធរមូលដ្ឋាន ជាពិសេស មេឃុំ និងប៉ូលីស ប៉ុស្តិ៍ ត្រូវយកចិត្តទុកដាក់ជាពិសេសដល់អតីតយុទ្ធជន ដោយឧស្សាហ៍ចុះជួបផ្ទាល់ និងអន្តរាគមន៍ឱ្យបានទាន់ពេលវេលាពេលបងប្អូនមានធុរ:។
សូមបញ្ជាក់ថា ក្នុងឱកាសនេះក្រៅតែពីការប្រគល់ផ្ទះមានទំហំ ៤ម៉ែត្រ x ៦ម៉ែត្រ ចំនួន៨ខ្នងហើយនោះ លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានផ្តល់សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀតជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនផងដែរ។ គ្រួសារនីមួយៗ ទទួលបាន៖ ថវិកា ២០០,០០០រៀល,គ្រែ ០១, អង្ករចំនួន ១០០គីឡូក្រោម, ទឹកត្រី១យួរ, ទឹកស៊ីអីវ ១យួរ, ត្រីខ ០១យួរ, ឆ្នាំង ចាន មុង ០១, ភួយ ០១, កន្ទេល ០១។
ដោយឡែកអតីតយុទ្ធជនរស់នៅក្បែរខាង ដែលបានចូលរួមអបអរសាទរចំនួន ៣០នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥០,០០០រៀល និងសារុង ០១, លោកប្រធាន ស.អ.ក ស្រុករតនមណ្ឌល និងស្រុកសំឡូត ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ២០០,០០០រៀល សម្រាប់ធ្វើមធ្យោបាយនាំអតីតយុទ្ធជនមកចូលរួមផងដែរ៕