(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ មានប្រជាពលរដ្ឋ បានប្រទះឃើញអាវុធ និងគ្រាប់កាំភ្លើងនៅចំណុចមាត់បឹង ភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ នេះបើយោងតាមរបាយការណ៍របស់សមត្ថកិច្ចខណ្ឌព្រែកព្នៅ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃរសៀលថ្ងៃនេះ។

បើតាមសមត្ថកិច្ចអាវុធទាំងនោះរួមមាន៖

*ទី១៖ អាវុធវែងម៉ាកការ៉ាប៊ីន ចំនួន ០១ដើម
*ទី២៖ អាវុធវែង ម៉ាក M16 ចំនួន ០១ដើម
*ទី៣៖ អាវុធខ្លីម៉ាក K៥៤ ចំនួន ០៣ដើម
*ទី៤៖ អាវុធខ្លី ម៉ាក P08 ចំនួន ០២ដើម
*ទី៥៖ បង់អាវុធ ម៉ាក K៥៤ ចំនួន ០៣បង់ មានគ្រាប់ចំនួន ១០៩គ្រាប់
*ទី៦៖ បង់អាវុធ ម៉ាក M16 ចំនួន ០៣បង់ មានគ្រាប់ចំនួន ៦០គ្រាប់
*ទី៧៖ បង់អាវុធ ម៉ាកការ៉ាប៊ីន ចំនួន ០២បង់ មានគ្រាប់ចំនួន ០៩គ្រាប់
*ទី៨៖ ស្រោមអាវុធខ្លី ចំនួន ០១ដើម
*ទី៩៖ កាំបិតខ្លីចំនួន ០១ដើម
*ទី១០៖ ស្ព្រាយព៌ណខ្មៅ ចំនួន ០១ដប
*ទី១១៖ កេះដែលទំហំ (៣០ស.ម x ៦០ស.ម) ចំនួន ០១កេះ។

លោក សោម ភារម្យ និងលោក វី ពៅ ដែលជាប្រជាពលរដ្ឋប្រទះឃើញអាវុធទាំងនេះ បានប្រាប់សមត្ថកិច្ចថា នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ ម៉ោងប្រហែល ១១៖៣០នាទី ពួកខ្លួនបានធ្វើដំណើរពីផ្ទះ ទៅរកបេះបន្លែនៅមាត់បឹង (កន្លែងកើតហេតុ) ស្រាប់តែបានប្រទះឃើញកេះដែកបិតមាត់ជិត។ ឃើញដូច្នោះ ខ្លួនក៏យកដៃទៅទាញបង្ហើបមើលឃើញអាវុធដូចមានរៀបរាប់ខាងលើ ក៏រាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកព្នៅ។

ក្រោយពីបានទទួលព័ត៌មានពីប្រជាពលរដ្ឋ កម្លាំងសមត្ថកិច្ច បានចុះធ្វើការស្រាជ្រាវដល់កន្លែងកើតហេតុ និងយកអាវុធទាំងនេះមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកព្នៅ ដើម្បីចាត់ការតាមនីតិវិធីបន្តទៀត៕