(ភ្នំពេញ)៖ គ្រាបណ្តាប្រទេសក្នុងតំបន់មជ្ឈឹមបូព៌ាជួបសង្រ្គាមនាំមកនូវភាពលំបាកវេទនាសម្រាប់ប្រជាពលរដ្ឋនោះ សម្តេចតេ ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានចេញមកប្តេជ្ញា រក្សាការពារឲ្យបាននូវសន្តិភាព ដែលកំពុងគ្របដណ្តប់លើផ្ទៃប្រទេសកម្ពុជា ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ កូនចៅរៀនបានខ្ពង់ខ្ពស់ និងមានជីវភាពកាន់តែល្អប្រសើរ។
នៅលើទំព័រ Facebook ផ្ទាល់ខ្លួននាយករដ្ឋមន្រ្តី នៃកម្ពុជា នាព្រឹកថ្ងៃអង្គារ ទី០៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានថ្លែងថា សន្តិភាពគឺជាសេចក្តីត្រូវការចាំបាច់បំផុតសម្រាប់មនុស្សជាតិទូទៅមិនថាតែកម្ពុជាទេ។ ការរំដោះប្រទេស និង លុបបំបាត់សង្រ្គាមស៊ីវិល ព្រមទាំងការកសាងសន្តិភាព មិនមែនជារឿងនិយាយឲ្យរួចតែពីមាត់នោះឡើយ។
សម្តេចតេជោ បានបន្ថែមថា កម្ពុជាបានចំណាយពេលវេលា និងលះបង់អាយុជីវិតមនុស្សច្រើនណាស់ ទម្រាំកសាងសន្តិភាពបានពេញលេញដូចសព្វថ្ងៃនេះ មិនត្រូវភ្លេចខ្លួនឡើយ។
សម្តេចតេជោ បានគូសបញ្ជាក់ផងដែរថា «បច្ចុប្បន្នប្រទេសក្នុងពិភពលោកមួយចំនួន ជាពិសេសនៅមឈ្ឈឹមបូព៌ា កំពុងជួបប្រទះភាពវឹកវរ និងការកាប់សម្លាប់ស្ទើររៀងរាល់ថ្ងៃដោយសារសង្រ្គាម ខណៈកម្ពុជាកំពុងរស់នៅសុខស្រួលក្នុងម្លប់សន្តិភាព។ មានតែបុគ្គលមួយចំនួនតូចប៉ុណ្ណោះ ដែលមិនខ្វល់អំពីតម្លៃសន្តិភាព ហើយតែងតែមានបំណងអាក្រក់បង្កបញ្ហាបំផ្លាញសេចក្តីសុខរបស់កម្ពុជា»។
សារនៅលើ Facebook ថ្ងៃនេះ នាយករដ្ឋមន្រ្តី នៃកម្ពុជា ក៏បានជូនពរពលរដ្ឋខ្មែរទាំងអស់ ឲ្យបានសុខសប្បាយ និង រីករាយក្នុងឱកាសបុណ្យចូលឆ្នាំចិនផងដែរ៕