(កណ្តាល)៖ លោកឧត្តមសេនីយ៍ ឯកបណ្ឌិត ដួង ហេង ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយឃុំដើឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងលោកឧត្តមសេនីយ៍ឯក នួន ណារិន្ទ ជាអនុប្រធានទី១ តំណាងលោកនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង ប្រធានការងាររាជរដ្ឋាភិបាល ចុះជួយស្រុកកណ្តាលស្ទឹង និងលោកស្រី ប៉ែន ចន្នី នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ បាននាំគ្រឿងឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋចំនួន២៧៨ ដែលទទួលរងគ្រោះទឹកជំនន់ ដោយសារជំនន់ទឹកភ្លៀងកាលពីពេលថ្មីៗនេះ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯកបណ្ឌិត ដួង ហេង និងលោកស្រី បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចនាយករដ្ឋមន្ត្រីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងលោកនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកស្រី ប៉ែន ចន្នី ជូនចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបាននិងកំពុងទទួលរងគ្រោះទឹកជំនន់ ដោយសារទឹកភ្លៀងក្នុងឃុំដើមឬស្ស ស្រុកកណ្តាលស្ទឹង។
លោកឧត្តមសេនីយ៍ឯកបណ្ឌិត ដួង ហេង បានបន្តថា សម្រាប់ស្រុកណ្តាលស្ទឹង ជាពិសេសឃុំដើមឬស ក្រោមការចុះជួយមូលដ្ឋានពីសំណាក់លោកនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង និងលោកស្រី ជានិច្ចកាលបានយកចិត្តទុកយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ ដោយបានកសាងសាលរៀន មន្ទីរពេទ្យ ផ្លូវថ្នល់ ប្រព័ន្ធទឹកសម្រាប់ស្រោចស្រព និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានា ដើម្បីសម្រួលដល់ការលំបាកដល់ពួកគាត់ក្នុងការធ្វើដំណើរក្នុងមូលដ្ឋាន ជាពិសេសសាលារៀនបានផ្តល់ចំណេះដឹងដល់កូនចៅនៅឃុំយ៉ាងច្រើនផងដែរ។
ជាកិច្ចចាប់ផ្តើមសំណេះសំណាលជាមួយប្រជាពលរដ្ឋ លោកឧត្តមសេនីយ៍ឯកបណ្ឌិត ដួង ហេង បានអរគុណសន្តិភាព ហើយបើគ្មានសន្តិភាពទេនោះ ប្រទេសរបស់យើងមិនអាចមានការ អភិវឌ្ឍន៍បែបនេះឡើយ។
លោកឧត្តមសេនីយ៍ឯកបណ្ឌិត បានបន្តថា ប្រទេសកម្ពុជាមានសន្តិភាពពេញលេញរយះពេល២២ឆ្នាំនេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លៀសវៃរបស់សម្តេចតេជោ ហ៊ុន សែន ដែលសម្តេចគឺជាស្ថាបនិកនយោបាយឈ្នះឈ្នះ និងជាស្ថាបនិកសន្តិភាពរបស់ប្រទេសកម្ពុជា។
លោកឧត្តមសេនីយ៍ឯកបណ្ឌិត បានបន្តថា សម្តេចនាយករដ្ឋមន្ត្រីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ហើយតាំងពីដើមរហូតមកដល់ពេលនេះ សម្តេចតេជោតែងតែចុះជាប់ជាមួយប្រជាជនគ្រប់ទីកន្លែងទាំងអស់។ «ទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋកម្ពុជា គឺជាទុក្ខលំបាករបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌត»។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យអាជ្ញាធរ និងមន្រ្តីទាំងអស់ត្រូវចុះជួប និងជួយប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសពេលជួបគ្រោះទឹកជំនន់ គឺកងកម្លាំង និងអាជ្ញាធរទាំងអស់ បានសម្រុកទៅកាន់កន្លែងកើតហេតុ ដើម្បីជួយសង្គ្រោះប្រជាជនផងដែរ។ ជាក់ស្តែងកាលពីយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ បានចុះទៅជួយអន្តរាគមន៍ផ្ទាល់ចំពោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់នៅខណ្ឌដង្កោ គឺមិនទុកឲ្យប្រជាជនណាម្នាក់រងគ្រោះរហូតគ្មានអ្នកជួយនោះឡើយ។
លោកឧត្តមសេនីយ៍ឯកបណ្ឌិត ដួង ហេង បានបន្តទៀតថា «ក្រៅពីដាក់បទបញ្ជាឲ្យមន្រ្តី អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចនោះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានចាត់ឲ្យកូនៗរបស់សម្តេច ដូចជា លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានណែត, លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត និងលោក ហ៊ុន ម៉ានី ចុះជួបជាប្រចាំជាមួយប្រជាពលរដ្ឋ ដើម្បីជួយសង្គ្រោះ និងដោះស្រាយការលំបាកនានា»។ ជាក់ស្តែងនៅប៉ុន្មានថ្ងៃនេះ ដោយសារតែជាប់ធ្វើចត្តាឡីស័កតាមវិធានរបស់ក្រសួងសុខាភិបាលនោះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានចាត់ឲ្យលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត យកស្រូវពូជ ទៅចែកជូនប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារនៅខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ឯកបណ្ឌិត ក៏បានអំពាវនាវចំពោះបងប្អូនប្រជាពលរដ្ឋ កុំចាញ់បោកការញ៉ួសញ៉ង់របស់ក្រុមអគតិ ត្រូវថែរក្សាសុខភាព និងបន្តគាំទ្របេក្ខភាពសម្តេចតេជោ ជានាយករដ្ឋមន្រ្តីគ្រប់អាណត្តិបន្តទៀត។
សម្រាប់លោកឧត្តមសេនីយ៍បណ្ឌិត ដួង ហេង, ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើប្រទេសកម្ពុជាមានឈ្មោះបោះសំឡេងនៅលើឆាកអន្តរជាតិយ៉ាងខ្លាំង ខុសពីអតីតកាលដែលគេមិនសូវឭឈ្មោះកម្ពុជានោះឡើយ ពោលឮតែថាកម្ពុជាជាប្រទេសពោពេញដោយសង្គ្រោម និងការកាប់សម្លាប់ ហើយមានសង្គ្រាមស៊ីវិលកើតឡើង ប៉ុន្តែនៅពេលប្រទេសកម្ពុជាមានមុខមានមាត់ ស្មើភាពនៅក្នុងសហគមន៍អន្តរជាតិ ព្រមទាំងបានរក្សានូវអព្យាក្រឹត្យ និងអធិបតេយ្យភាពពេញលេញតែម្តង។
នៅក្នុងឱកាសនោះលោកឧត្តមសេនីយ៍ឯកបណ្ឌិត បានបញ្ជាក់ថា អំណោយដែលក្រុមការងារនាំយកមកចែកជូននាពេលនេះ មានតិចតួចក៏ពិតមែន តែអាចជួយសម្រាលទុក្ខលំបាករបស់បងប្អូន ប្រជាពលរដ្ឋក្នុងគ្រាលំបាកនេះ។
តាមរបាយការណ៍របស់លោក គាំ ដុះ មេឃុំដើមឬស្ស បានឲ្យដឹងថា នៅទូទាំងឃុំដើមឬស្ស មានចំនួន ១៤ភូមិ ត្រូវបានជន់លិចដោយសារទឹកភ្លៀង ក្នុងនោះមាន១០ភូមិ ដែលទទួលរងគ្រោះការ ជន់លិចទាំងដីស្រែ និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ ប៉ុន្តែក្រុមការងារទាំងអស់ ជាពិសេសលោកឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល និងលោកស្រី តំណាងលោកនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង តែងតែចុះមកជាប្រចាំ ជាពិសេសនៅពេលមានគ្រោះទឹកជំនន់កើតឡើង។
លោកឧត្តមសេនីយ៍ឯកបណ្ឌិត ដួង ហេង បានចែកជូនប្រជាពលរដ្ឋចំនួន ២៧៨គ្រួសាររួមមាន៖ អង្ករ ២០គីទូ្ប, មី ២០កញ្ចប់, ត្រីខ ១០កំប៉ុង, ប៊ីចេង ១កញ្ចប់, អំបិល ១កញ្ចប់, ទឹកត្រី ១យួរ ,ទឹកស៊ីអ៊ីវ ១យួរ ,ថវិកា ១គ្រួសារ ៥០០០០រៀល សរុបចំណាយអស់ ៤៨, ៦៥០, ០០០រៀល។ ចំណាយផេ្សងៗរួមមាន៖ អង្គរក្ស, នគរបាល, ប្រជាការពារ, ក្រមប្រឹក្សាឃុំភូមិ, យុវជនឃុំភូមិ , មន្ត្រីស្រុក, ពេទ្យ, ព្រះសង្ឃ, អាចារ្យ, យាយជី, កៅអី, មេក្រូ, ទឹកសុទ្ធសរុបចំណាយផេ្សងៗអស់ ១០, ២៩០, ០០០រៀលនឹង៥០០ដុល្លារ។
ក្រោយចប់សំណេះសំណាលជាមួយប្រជាជនរួច លោកឧត្តមសេនីយ៍ឯកបណ្ឌិត ដួង ហេង និងក្រុមការងារ បានចុះពិនិត្យស្ថានភាពផ្លូវដែលខូចដោយសារទឹកជំនន់នាពេលកន្លងទៅផងដែរ៕