(កំពង់ឆ្នាំង)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរៈភូមិន្ទតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បាននាំយកអាវរងាជាច្រើន ដែលជាអំណោយរបស់សម្តេចចែកជូនកងទ័ពជើងគោក ចំណុះឲ្យភូមិភាគពិសេស។
ពិធីប្រគល់អាវរងារជូនដល់កងទ័ពខាងលើនេះបានធ្វើឡើងកាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅតំបន់សឹករងខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីអភិបាលរងខេត្តកំពង់ឆ្នាំង អង្គភាពមន្ទីរនៅជុំវិញខេត្ត លោកឧត្តមសេនីយ៍មេបញ្ជាការយោធភូមិភាគពិសេស លោកឧត្តមសេនីយ៍មេបញ្ជាការសឹករងខេត្ត លោកឧត្តមសេនីយ៍មេបញ្ជាការកងរាជអាវុធហត្ថ នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះឲ្យភូមិភាគពិសេសជាច្រើនរូបទៀតផងដែរ។
ថ្លែងក្នុងពិធីចែកអាវរងានោះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានគូសបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន តែងយកចិត្តទុកដាក់ដោះស្រាយរាល់ការលំបាក និងទំនុកបំរុងថែបំប៉ន ផ្គត់ផ្គង់គ្រប់បែបយ៉ាងដល់កងទ័ព។ ជាពិសេសចែកជូនអាវរងារដល់កងទ័ពទាំងជើងទឹក និងជើងគោក ជារៀងរាល់រដូវកាល គឺរដូវភ្លៀងផ្តល់អាវភ្លៀង និងរដូវរងារផ្តល់ជូនអាវរងា។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានឆ្លៀតពន្យល់ពីគុណតម្លៃ ក៏ដូចជាសារសំខាន់នៃសន្តិភាព សម្រាប់ការកសាង និងអភិវឌ្ឍប្រទេសលើគ្រប់វិស័យ និងបានលើកពីឧបាយកលទុច្ចរិត និងសកម្មភាពក្បត់ជាតិម្តងហើយម្តងទៀត របស់ជនអគតិ ដែលតែងតែប៉ុនប៉ងធ្វើវិទ្ធង្សនា ដល់ការអភិវឌ្ឍតាមរយៈបំផុសបំផុល មួលបង្កាច់ បង្កចលាចលតាមគ្រប់រូបភាព ដើម្បីបង្កអស្ថិរភាពដល់សង្គមកម្ពុជា។
លោក ឥត សារ៉ាត់ បានរំលឹកដល់កងទ័ពឲ្យបន្តលើកកម្ពស់មនសិការស្នេហាជាតិ ស្មោះត្រង់ជាមួយរាជរដ្ឋាភិបាល រួមកម្លាំងសាមគ្គី ការពារសន្តិភាព ទប់ស្កាត់ និងបង្រ្កាបទាន់ពេលវេលាចំពោះជនអគតិទាំងឡាយ ដែលមានឧបាយកលចង់បំផ្លាញសុខសន្តិភាព និងបន្តថែរក្សារាល់សមិទ្ធផលនានា ដែលប្រសូត្រចេញពីនយោបាយឈ្នះ-ឈ្នះ របស់មគ្គុទ្ទេស សន្តិភាព សម្តេចតេជោ ហ៊ុន សែន ដើម្បីនាំមកនូវវឌ្ឍនភាព និងវិបុលភាពថែមទៀតសម្រាប់ប្រជាជន និងសង្គមជាតិ។
លោកក៏បានថ្លែងអំណរគុណ ដល់កង កម្លាំងទាំងអស់ ទាំងកងយុទ្ធពលខេមរៈភូមិន្ទ កងរាជអាវុធហត្ថ និងកងនគរបាលជាតិ ដែលបានចូលរួមក្នុងការងារជួយសង្រ្គោះប្រជាពលរដ្ឋពីគ្រោះមហន្តរាយដោយជំនន់ទឹកភ្លៀងនាពេលកន្លងទៅថ្មីៗនេះ តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការ។ ទន្ទឹមនោះលោកបានផ្តាំផ្ញើបន្ថែមដល់កងកម្លាំងទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ចុះជួយប្រជាពលរដ្ឋ ក្នុងការងារប្រមូលផលស្រូវ ដែលបច្ចុប្បន្នកំពុងទំពេញស្រែនៅគ្រប់ទីកន្លែង។
នាឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ធន ធឿន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនសម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្ដេចទាំងទ្វេរតែងបានយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនកងទ័ព។
ក្នុងនាមជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ បានធ្វើការប្តេជ្ញាស្មោះត្រង់ដាច់ខាតចំពោះជាតិមាតុភូមិ និងប្រជាជន គោរពអនុវត្តយ៉ាងម៉ឺងម៉ាត់នូវរាល់បទបញ្ជា និងអនុសាសន៍របស់សម្តេច ដើម្បីបុព្វហេតុការពារនូវសុខសន្តិភាព ការពារបូរណភាពទឹកដី ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងការពាររាល់សមិទ្ធផលនានារបស់សង្គមជាតិ ដែលមានសព្វថ្ងៃនេះ៕