(បន្ទាយមានជ័យ)៖ អភិបាលរងខេត្តបន្ទាយមានជ័យ លោក លី សារី បានលើកឡើងថា ប្រព័ន្ធបច្ចេកវិទ្យាបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាការផ្តល់សេវាសាធារណៈផងដែរ។
ក្នុងន័យនេះ លោកអភិបាលរងខេត្ត បានលើកទឹកចិត្តឱ្យមន្ត្រីនៅក្នុងខេត្តប្រឹងប្រែងពង្រឹងសមត្ថភាពលើការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីធ្វើឱ្យការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋមានភាពរហ័ស និងមានប្រសិទ្ធភាព។
លោក លី សារី ថ្លែងបែបនេះ ក្នុងពេលអញ្ជើញបិទវគ្គបណ្តុះបណ្តាល ស្តីពីឌីជីថលចាំបាច់ (Digital Skill Essentail) ដែលរៀបចំឡើងដោយវិទ្យាស្ថានជាតិប្រៃសណីយ៍ និងទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន សហការជាមួយមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត នៅមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តបន្ទាយមានជ័យកាលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០។
ក្នុងឱកាសបិទវគ្គនេះ លោក លី សារី បានណែនាំសិក្ខាកាមដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាល យកចំណេះដឹងបម្រើជាប្រយោជន៍ក្នុងស្ថាប័ន និងចែករំលែកចំណេះដឹងទៅដល់ក្រុមការងារ ក៏ដូចជាយុវជនផងដែរ។
លោក ចៅ វ៉ិត ប្រធានមន្ទីរប្រៃណីយ៍ និងទូរគមនាគមន៍ខេត្ត បានឲ្យដឹងថា វគ្គបណ្ដុះបណ្ដាលនេះ គឺមានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា។ វគ្គបណ្តុះបណ្តាលនេះ មានសិក្ខាកាមជាមន្ត្រីរាជការចូលរួមសិក្សាសរុប ២៦នាក់។
លោកបានបញ្ជាក់ថា ការរៀបចំវគ្គបណ្ដុះបណ្ដាលនេះ ដើម្បីបង្កើនចំណេះដឹងមូលដ្ឋានគ្រឹះ Digital ឲ្យស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ស្តីពីបដិវត្តឧស្សាហកម្មទី៤.០ ដែលប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា៥G។
លោក បេ ចន្ត្រា ប្រធានការិយាល័យទំនាក់ទំនងសាធារណៈ នៃវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន បានឲ្យដឹថា វិទ្យាស្ថានមានបេសកម្មចម្បងចំនួន ៤រួមមាន៖ ១- ផ្តល់ជំនាញថ្នាក់បរិញ្ញាបត្រ ចំនួន៣មានដូចជា ទូរគមនាគមន៍និងបណ្តាញ ពាណិជ្ជកម្មអេឡិចត្រូនិច(e-Commerce) និងវិទ្យស្ថានកុំព្យួទ័រ, ២-បណ្តុះបណ្តាល និងធ្វើវិក្រឹត្យបុគ្គលិក មន្ត្រីរាជការលើវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន, ៣- សិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍ លើវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និង៤- ជំរុញសហគ្រិនភាព និងនវានុវត្តន៍ លើវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។
សូមបញ្ជាក់ផងដែរថា មុខវិជ្ជាសិក្សាខ្លីជំនាញឌីជីថលចាំបាច់ (Digital Skill Essentail ) មាន ១០សំខាន់ដូចជា៖ ១- ចំណេះដឹងកុំព្យូទ័រចាំបាច់, ២- ចំណេះដឹងអនឡាញចាំបាច់, ៣- កម្មវីធីវាយអត្ថបទ, ៤- កម្មវិធីធ្វើសៀវភៅបញ្ជី, ៥-កម្មវិធីធ្វើបទបង្ហាញ, ៦- ការសហការតាមអ៊ិនធើណែត, ៧- ឯកជនភាព និងសុវត្ថិភាពទិន្នន័យ, ៨- អក្ខរកម្មព័ត៌មាន, ៩- ការវិវត្តន៍ និងសេដ្ឋកិច្ចឌីជីថល និង១០- បច្ចេកវិទ្យាសម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៕