(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា។
ក្រសួងធនធានទឹកបានបញ្ជាក់ថា យោងការតាមដាន និងការវិវត្តនៃស្ថានភាពអាកាសធាតុ បង្ហាញឲ្យឃើញថា នៅថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ វិសម្ពាធ ( Tropical Depression ) បាន និងកំពុងស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង ហើយនឹងធ្វើដំណើរឆ្ពោះមកទិសបស្ចឹម ដោយបង្កើនឥទ្ធិពលរបស់ខ្លួនទៅជា កូនព្យុះ ទី ២១ ឈ្មោះ អេតូ ( ETAU ) នៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២០ ។
តាមការព្យាករព្យុះនេះ នឹងថមថយឥទ្ធិពលទៅជាវិសម្ពាធ (Tropical Depression) ពេលចូលដល់លើឆ្នេរភាគខាងត្បូង ប្រទេសវៀតណាម នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយបន្ទាប់មកជាសម្ពាធទាប (Low Pressure) ពេលចូលមកដល់លើភាគខាងកើតប្រទេសកម្ពុជា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។
លក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសធាតុនៅកម្ពុជា ចាប់ពីយប់ថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២០ មានស្ថានភាព ដូចខាងក្រោម ៖
* បណ្តារាជធានី ខេត្តនៅតំបន់ខ្ពង់រាប ភាគឦសាន ខេត្តភាគខាងកើតជាប់ព្រំដែនប្រទេសវៀតណាម និងខេត្តភាគខាងត្បូង នឹងអាចមានភ្លៀងខ្យល់ក្នុងកម្រិត ពីបង្គួរទៅច្រើន ។
* បណ្តាខេត្តនៅតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងខ្យល់ក្នុងកម្រិត ពីតិចទៅបង្គួរ និងរលកសមុទ្រមានកម្ពស់មធ្យម ។
ក្រសួងធនធានទឹក បានអំពាវនាវដល់បងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ។
ជាមួយគ្នានេះ ក្រសួងធនធានទឹក និងឧតុនិយម បាន និងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់លើបាតុភូតធម្មជាតិនេះ ហើយនឹងជម្រាបជូនព័ត៌មានជាបន្តបន្ទាប់ទៀត ក្នុងករណីអាកាសធាតុមានការប្រែប្រួល៕