ខ្មាន់កាំភ្លើង៣នាក់ បាញ់ប្រហារអ្នកយាមម៉ូតូ នៅក្បែរហាងម៉ាស្សាមួយកន្លែងក្នុងខណ្ឌដូនពេញ, របួសធ្ងន់ស្រាល៣នាក់ (Video inside)
08-02-2016 23:24
(ភ្នំពេញ)៖ បុរស៣នាក់ត្រូវបានរងរបួសធ្ងន់ និងស្រាល នៅក្នុងករណីបាញ់ប្រហារមួយ ដែលបានឡើងនៅមុខហាងមាស្សាយ៉ាងចូវ តាមបណ្តោយផ្លូវ២៥២ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ នាម៉ោង១០៖២០នាទីយប់ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៦ នេះបើយោងតាមសំដីសមត្ថកិច្ច ថ្លែងប្រាប់ឲ្យដឹងយ៉ាងដូច្នេះ។
តាមសំដីអ្នកដែលឃើញហេតុការណ៍បានប្រាប់ Fresh News ថា មុនមានការបាញ់ប្រហារ ដែលបណ្តាលឲ្យមានមនុស្សរងរបួសនេះ កើតឡើងខណៈដែលជនរងគ្រោះទាំង៣នាក់ បានអង្គុយយាមម៉ូតូ នៅកន្លែងកើតហេតុដូចសព្វដង លុះអង្គុយយាមបានមួយសន្ទុះ ក៏មានខ្មាន់កាំភ្លើង៣នាក់ ជិះម៉ូតូមួយគ្រឿងមិនស្គាល់ម៉ាក បានមកដល់, ពេលនោះ ខ្មាន់កាំភ្លើងក៏មិនបង្អង់យូរឡើយ ដោយបានដកកាំភ្លើងខ្លី ចេញពីចង្គេះបាញ់ប្រហារចំនួន៤គ្រាប់ បណ្តាលឲ្យត្រូវមនុស្ស៣នាក់តែម្តង ដោយម្នាក់ត្រូវពោះ, ម្នាក់ត្រូវដៃ និងទ្រូង។
បន្ទាប់ពីរងនូវការបាញ់ប្រហារ បណ្តាលឲ្យរងរបួសហើយ ជនរងគ្រោះទាំង៣នាក់ ត្រូវបានបងប្អូនដឹកជញ្ជួនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យផងដែរ។ សមត្ថកិច្ចបានបញ្ជាក់ថា នៅក្នុងការបាញ់នេះ នៅពុំទាន់ដឹងមូលហេតុនៅឡើយទេ គឺកំពុងតែស្រាវជ្រាវរកមូលហេតុពិត។ ចំណែកជនរងគ្រោះ គឺជាបុគ្គលិកបម្រើការ នៅហាងម៉ាស្សាយ៉ាងចូវ ដែលមានទីតាំងស្ថិតនៅក្បែរកន្លែងកើតហេតុ៕