(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីករណីវិជ្ជមានកូវីដ១៩ ថ្មីម្នាក់ លើបុរសជនជាតិខ្មែរ ដែលជាអង្គរក្សការពារផ្ទាល់គណៈប្រតិភូហុងគ្រី។
សេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅមុននេះបន្តិចបញ្ជាក់ថា អ្នកឆ្លងជំងឺកូវីដ១៩ថ្មីនេះ ជាបុរសជនជាតិខ្មែរ អាយុ ៣១ឆ្នាំ ជាអង្គរក្សការពារផ្ទាល់ជូនគណៈប្រតិភូហុងគ្រី មានអាសយដ្ឋាន នៅសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ដោយសារគាត់មានរោគសញ្ញាគួរឱ្យសង្ស័យ ដូចជាមានរមាស់បំពង់ក និងក្អក វត្ថុសំណាករបស់គាត់ត្រូវបានយកជាលើកទី២ ហើយលទ្ធផលដែលផ្តល់ ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺវិជ្ជមានវីរុសកូវីដ-១៩។ បច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ក្រសួងសុខាភិបាលបន្តថា ការធ្វើតេស្តអ្នកប៉ះពាល់ជាមួយរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងគ្រី នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ មានចំនួន ៤នាក់ ដែលទទួលបានលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០៣នាក់ (ដែលជាការធ្វើតេស្តលើកទី១) និងវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០១នាក់ (ដែលជាការធ្វើតេស្តលើកទី២ ជាអង្គរក្សការពារផ្ទាល់)។ ដូច្នេះ ចំនួនសរុបអ្នកប៉ះពាល់ទាំងអស់មាន ៨៩២នាក់ សម្រាប់ថ្ងៃទី០៤ ដល់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលក្នុងចំនួននេះ មានបុគ្គលម្នាក់ (ដូចបានជម្រាប ជូនខាងលើនេះ) មានលទ្ធផល វិជ្ជមានវីរុសកូវីដ-១៩ នៅពេលធ្វើតេស្តលើកទី២។
ជាមួយគ្នានេះ ក្រសួងសុខាភិបាល សូមធ្វើការក្រើនរំលឹក ជូនដល់អ្នកដែលប៉ះពាល់ទាំងអស់ដែលមានលទ្ធ ផលតេស្តលើកទី១ អវិជ្ជមានវីរុសកូវីដ-១៩ ត្រូវបន្តធ្វើចត្តាឡីស័កនៅតាមគេហដ្ឋានឱ្យបានត្រឹមត្រូវ និងនៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ (សម្រាប់អ្នកដែលពុំមានលទ្ធផល ធ្វើចត្តាឡីស័កដោយខ្លួនឯង) ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយសូមវិលត្រឡប់មកធ្វើតេស្តឡើងវិញ ចំនួន៣ដងទៀត នៅវិមានមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី ដែលមានរៀបចំទីតាំងយកសំណាកសម្រាប់ធ្វើតេស្តរកវីរុសកូវីដ១៩ ចាប់ពីម៉ោង៧ព្រឹក៖
* លើកទី២ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០
* លើកទី៣ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០
* លើកទី៤ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០
សូមជម្រាបថា គិតត្រឹមម៉ោង ០៧៖០០ព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅកម្ពុជារកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ២៩៥នាក់ (ស្ត្រី ៦០នាក់ និងបុរស ២៣៥នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២៨៨នាក់ និង អ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន០៧នាក់ (បុរស ជនជាតិខ្មែរ ០៣នាក់ ស្ត្រីជនជាតិខ្មែរ ០១នាក់ ស្ត្រីជនជាតិបារាំង ០១នាក់ បុរសជនជាតិប៉ាគីស្ថាន ០១នាក់ និងបុរសជនជាតិឥណ្ឌា ០១នាក់)៕