(កំពង់ចាម)៖ ក្រុមការងារចុះជួយឃុំព្រែកតានង់ ដឹកនាំដោយលោក អ៊ុក សំរេច រដ្ឋលេខាធិការក្រសួងព័ត៌មាន និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានអញ្ជើញចុះសំណេះសំណាល រៀបចំកម្មវិធីវះកាត់ខ្នាតតូច ពិនិត្យ ព្យាបាលជំងឺទូទៅ និងអប់រំសុខភាព ជូនប្រជាពលរដ្ឋនៅភូមិទី១១ ឃុំព្រែកតានង់ ស្រុកកោះសូទីន ខេត្តកំពង់ចាម ដែលមានការសហការជាមួយគ្រូពេទ្យស្ម័គ្រចិត្តរបស់ សមាគមសម្ព័ន្ធយុវជននិស្សិតកម្ពុជា ក្រោមការសម្របសម្រួលពី លោក កៅ អ៉ីមរ៉ន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងលោក ណាសៀត អូស្មាន ប្រធានសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា (CMYA)។
តាងនាមប្រអាន CMYA និងក្នុងនាមអនុប្រធានក្រុមការងារចុះជួយឃុំព្រែកតានង់ លោក កៅ អ៉ីមរ៉ន បានរំលឹកអំពីសកម្មភាពសំខាន់ៗ នានាកន្លងមក ដែល CMYA ក៏ដូចជាក្រុមការងារចុះមូលដ្ឋាន បានអនុវត្តកន្លងមក គឺដោយសារតែមានការជ្រោមជ្រែង និងការចង្អុលបង្ហាញពីថ្នាក់ដឹកនាំ សំដៅចូលរួមដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅតាមសហគមន៍ តាមមូលដ្ឋាន ដោយមិនមានការប្រកាន់រើសអើងនិន្នាការ ឬជាតិសាសន៍ឡើយ។
លោក អ៊ុក សំរេច ប្រធានក្រុមការងារ មានមតិសំណេះសំណាលជាមួយប្រជាពលរដ្ឋទាំងអស់ ឲ្យផ្តោតសំខាន់ថែរក្សាសុខភាពឲ្យបានល្អ ជាពិសេសកាការពារខ្លួនពីជំងឺកូវីដ-19 គ្រុនឈាម គ្រុនឈិក គ្រុនចាញ់ជាដើម ដែលអាចនឹងកើតមានក្រោយពេលទឹកស្រក ធ្វើយ៉ាងណារក្សាអនាម័យដៃ ខ្លួនប្រាណ ឧស្សាហ៍ដុះលាងជាមួយសាប៊ូ ជាប្រចាំ ទន្ទឹងនេះក៏ត្រូវហូបស្អាត ផឹកស្អាត ការរស់នៅស្អាត ដើម្បីទប់ស្កាត់ការចម្លងជំងឺអាសន្នរោគផ្សេងៗ។
ជាមួយគ្នានេះ លោក អ៊ុក សំរេច បាននាំយកអំណោយរបស់លោក ខៀវ កាញារីទ្ធិ រដ្ឋមន្រ្តីក្រសួងព័ត៌មាម និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកកោះសូទិន រួមមាន ឧបត្ថម្ភសម្ភារជាទឹកអាល់កុល២០លីត និងថ្នាំគីណាល់២០ប្រអប់ ដល់សាលាឃុំព្រែកតានង់, ឧបត្ថម្ភដល់ប្រធានភូមិ១១នាក់ ប្រជាពលរដ្ឋ១០០នាក់ ក្នុងម្នាក់ៗទទួលបាន ម៉ុង១ ក្រម៉ា១ និងសាប៊ូ១ដុំ សរុបថវិកា១,៣៥៤,២០០រៀល។
ដោយឡែកក្នុងនោះផងដែរ ក្រុមការងារក៏បានឧបត្ថម្ភថវិកាផ្សេងៗទៀត សម្រាប់កម្មវិធី ៨០ម៉ឺនរៀល និង២០០ដុល្លារផងដែរ៕