(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបន្តអំពាវនាវដល់បងប្អូន ទាំងជិត៩០០នាក់ ដែលជាប់ពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលក្នុង ដំណើរទស្សនកិច្ចរដ្ឋមន្ត្រីការបរទេសហុងគ្រី បន្តធ្វើចត្តាឡីស័ក និងធ្វើតេស្តឲ្យបានហ្មត់ចត់តាមការណែនាំ របស់ក្រសួងសុខាភិបាល ខណៈដែលសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ពុំមានរោគសញ្ញាណណាមួយខុសប្រក្រតីនោះទេ។
ការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃនេះធ្វើឡើងតាមរយៈបណ្តាញសង្គម Facebook ដោយសម្តេចបានរៀបរាប់ជាមួយខ្លឹមសារយ៉ាងដូច្នេះថា៖
«ថ្ងៃនេះជាថ្ងៃទី៤នៃការធ្វើចត្តាឡីស័ករបស់ខ្ញុំនិងភរិយា។ ក្នុងការរស់នៅដាច់ដោយឡែកតែក្នុងបន្ទប់រយះពេល៤ថ្ងៃកន្លងមកនេះ ទាំងខ្ញុំនិងភរិយាពិសេសខ្លួនខ្ញុំផ្ទាល់ ពុំមានឃើញសញ្ញាណាមួយខុសប្រក្រតីឡើយ គឺមានសភាពធម្មតាដូចពេលមុនថ្ងៃទី៣ វិច្ឆិកា២០២០ដដែល។ តែទោះយ៉ាងនេះក្តីខ្ញុំត្រូវតែបន្តការធ្វើចត្តាឡីស័ក និងការធ្វើតេស្តតាមការកំណត់របស់ផ្នែកសុខាភិបាល។
ថ្ងៃ៩ វិច្ឆិកា ២០២០ខាងមុខគ្រូពេទ្យ នឹងយកសំណាកទៅធ្វើតេស្តជាលើកទី២ ដែលខ្ញុំសង្ឃឹមថានឹងអវិជ្ជមានបន្តទៀត។
ឆ្លៀតឱកាសនេះខ្ញុំសូមអំពាវនាវចំពោះបងប្អូនទាំងជិត៩០០នាក់ដែលជាប់ពាក់ព័ន្ធដោយផ្ទាល់ឬដោយប្រយោលក្នុង ដំណើរទស្សនកិច្ចរដ្ឋមន្ត្រីការបរទេសហុងគ្រី បន្តធ្វើចត្តាឡីស័ក និងធ្វើតេស្តឱយបានហ្មត់ចត់តាមការណែនាំរបស់ក្រសួងសុខាភិបាល។ សូមអរគុណចំពោះបងប្អូនជនរួមជាតិ ដែលចូលរួមកង្វល់អំពីសុខភាពរបស់ខ្ញុំនិងជូនពរដល់ខ្ញុំនិងភរិយាក៏ដូចជាមន្ត្រីរួមការងារជាមួយខ្ញុំ»៕