(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្តារៈដ៏ខ្ពង់ខ្ពស់បំផុត នៅរសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះបានយាងមកដល់ប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីបានគង់ប្រថាប់ព្យាបាល និងពិនិត្យព្រះរាជសុខភាពរយៈពេលមួួយខែ នៅទីក្រុងប៉េកាំង ប្រទេសចិន។
សូមបញ្ជាក់ថា ព្រះមហាក្សត្រខ្មែរ និងព្រះវររាជមាតាជាតិខ្មែរ បានយាងទៅព្យាបាល និងពិនិត្យព្រះរាជសុខភាពជាលើកទី២ សម្រាប់ឆ្នាំ២០២០ នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី០៦ ខែតុលា កន្លងទៅនេះ។ ក្នុងពេលកំលុងគង់ប្រថាប់ព្យាបាល និងពិនិត្យព្រះរាជសុខភាពនេះ ព្រះមហាក្សត្រខ្មែរទ្រង់បានសព្វព្រះរាជឫទ័យយាងបំពេញព្រះរាជទស្សនកិច្ច ទៅកាន់ខេត្តសានស៊ី តបតាមការយាងរបស់លោក ស៊ី ជិនពីង ប្រធានាធិបតីចិនផងដែរ។
ខេត្តសានស៊ី ប្រទេសចិន គឺជាខេត្តមួយដែលព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ បានសព្វព្រះរាជហឫទ័យយាងបំពេញទស្សនកិច្ចកាលពី៥០ឆ្នាំមុនផងដែរ។
ក្នុងព្រះរាជដំណើរយាងបំពេញព្រះរាជទស្សនកិច្ចនៅខេត្តសានស៊ីនេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះអង្គទទួលបាននូវការថ្វាយនូវការវឌ្ឍនកិច្ច និងស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតពីមន្ត្រីជាថ្នាក់ដឹកនាំនៅក្នុងខេត្តសានាស៊ី ហើយព្រះអង្គបានយាងទៅកាន់តំបន់សេដ្ឋកិច្ច និងវប្បធម៌មួយចំនួននៅក្នុងខេត្តនេះផងដែរ។
ក្រៅតែពីយាងបំពេញព្រះរាជទស្សនកិច្ចនៅខេត្តសានស៊ីហើយនោះ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ ព្រះអង្គ ក៏បានសព្វព្រះរាជហឫទ័យយាងជួបសវនាការជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងភរិយា ព្រមទាំងមន្ត្រីជាន់ខ្ពស់របស់ចិនមួយចំនួនទៀត នៅវិមានមហាប្រជាជនចិន។
ក្នុងជំនួបសវនាការនេះ ព្រះមហាក្សត្រខ្មែរ និងលោកប្រធានាធិបតីចិន បានបង្ហាញនូវទឹកព្រះទ័យ និងទឹកចិត្ត ពេញព្រះទ័យ និងពេញចិត្តជាខ្លាំងចំពោះទំនាក់ទំនងដ៏ល្អប្រសើររវាងកម្ពុជា និងចិននាពេលបច្ចុប្បន្ន។ ព្រះមហាក្សត្រខ្មែរ និងលោកប្រធានាធិបតីចិន ក៏បានបង្ហាញការតាំងព្រះទ័យ និងតាំងចិត្ត បន្តពង្រឹង និងពង្រីកទំនាក់ទំនងរវាងកម្ពុជា និងចិន ឱ្យកាន់តែល្អប្រសើរ។
នៅចំពោះព្រះភក្ត្ររបស់ព្រះមហាក្សត្រខ្មែរ, លោក ស៊ី ជិនពីង បានលើកឡើងថា កម្ពុជា និងចិន ត្រូវតែបន្តការខិតខំជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយឱ្យឈានដល់កម្រិតថ្មីមួយទៀត។
ព្រះមហាក្សត្រខ្មែរ ក៏បានមានព្រះរាជបន្ទូលផងដែរថា ព្រះអង្គនឹងបន្តការសហការជាមួយលោកប្រធានាធិបតីចិន ដើម្បីទទួលមរតកដ៏វិសេសវិសាល និងបន្តនូវចំណងមិត្តភាពដ៏ជ្រាលជ្រៅ រវាងមេដឹកនាំជំនាន់ចាស់នៃប្រទេសទាំងពីរ និងសរសេរជំពូកថ្មីនៃកិច្ចសហប្រតិបត្តិការមិត្តភាពកម្ពុជា-ចិន។
បន្ទាប់ពីជំនួបសវនាការ នៅពេលល្ងាចថ្ងៃទី០៦ ខែវិច្ឆិកា ដដែលនោះ លោកប្រធានាធិបតីចិន ក៏បានរៀបចំព្រះរាជពិធីថ្វាយនូវគ្រឿងឥស្សរិយយស «មេដាយមិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន» ថ្វាយព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្តារៈដ៏ខ្ពង់ខ្ពស់បំផុតផងដែរ។
ព្រះរាជពិធីត្រូវបានប្រារព្ធធ្វើឡើងយ៉ាងមហោឡារិក អធិកអធមជាទីបំផុត នៅវិមានមហាប្រជាជនចិន។ គ្រឿងឥស្សរិយយសនេះ ជាសក្ខីភាពបង្ហាញពីកិច្ចប្រឹងប្រែងរបស់ព្រះវររាជមាតាជាតិខ្មែរ ដែលព្រះអង្គយាងបំពេញព្រះរាជសកម្មភាពជាច្រើន ក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន។
លោក ស៊ី ជិនពីង បានថ្លែងថា ការថ្វាយនូវគ្រឿងឥស្សរិយយសនេះ មិនមែនត្រឹមតែជាការកោតសរសើរដ៏ខ្ពង់ខ្ពស់ ចំពោះការរួមចំណែកយ៉ាងពិសេស និងមានសារៈសំខាន់បំផុត ដែលសម្តេចព្រះមហាក្សត្រី បានធ្វើឱ្យមានទំនាក់ទំនងល្អរវាងចិន និងកម្ពុជាប៉ុណ្ណោះទេ។ ប៉ុន្តែក៏ដើម្បីលើកកម្ពស់មិត្តភាពដ៏ជ្រាលជ្រៅបំផុតរវាងប្រជាជនចិន និងកម្ពុជាផងដែរ។
ព្រះវររាជមាតាជាតិខ្មែរ បានសម្តែងនូវទឹកព្រះទ័យរំភើបក្រៃលែង ដែលរដ្ឋាភិបាលចិន។ ជាពិសេសលោកប្រធានាធិបតី ស៊ី ជិនពីង ថ្វាយនូវគ្រឿងឥស្សរិយយស «មេដាយមិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន»។
ព្រះវររាជមាតាជាតិខ្មែរ ក៏បានបង្ហាញនូវទឹកព្រះទ័យក្នុងប្រឹងប្រែងធ្វើឱ្យទំនាក់ទំនងកម្ពុជា និងចិនកាន់តែល្អប្រសើរ។ ព្រះមហាក្សត្រី ទ្រង់មានព្រះរាជបន្ទូលបញ្ជាក់ថា «ខ្ញុំនឹងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីរឹតចំណងមិត្តភាពកម្ពុជា-ចិន ឲ្យកាន់តែល្អប្រសើរ»៕