(ភ្នំពេញ)៖ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុម NACC Team Against Covide-19 របស់សភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយ និងបាញ់ថ្នាំបំភាយសម្លាប់មេរោគ ទប់ស្កាត់ និងបង្ការការឆ្លងរាលដាលជំងឺកូវីដ១៩ នៅអគាររដ្ឋបាលអង្គភាពការពារ និងហែរអម នាយកដ្ឋានអង្គរក្ស ក្រសួងមហាផ្ទៃ ស្ថិតនៅសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ពិធីនេះមានការចូលរួមពីសំណាក់លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា លោកឧត្តសេនីយត្រី ស្វាយ សុខសាន្ត ប្រធានអង្គភាពការពារ និងហែរអម ព្រមទាំងមន្ត្រីពាក់ព័ន្ឋជាច្រើនរូបទៀត។
ឆ្លៀតក្នុងឱកាសសំណេះសំណាលនោះ លោកឧត្តមសេនីយត្រី ស្វាយ សុខសាន្ត បានថ្លែងអំណគុណលោក សោម អូន ដែលបានដឹកនាំក្រុមការងារប្រយុទ្ឋប្រឆាំងជំងឺកូវីដ១៩ ចុះធ្វើយុទ្ឋនាការអប់រំផ្សព្វផ្សាយ និងបាញ់ថ្នាំបំភាយសម្លាប់មេរោគការពារការឆ្លងជំងឺកូវីដ១៩ នៅអគាររដ្ឋបាលអង្គភាពការពារនិងហែរអម ព្រមទាំងនៅបរិវេណជុំវិញ។
លោក សោម អូន បានលើកឡើងថា ជំងឺកូវីដ១៩ នៅតែគំរាមគំហែងយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតមនុស្សជាតិនៅលើពិភពលោក មិនទាន់ថមថយនៅឡើយ ហើយបើគិតត្រឹមថ្ងៃនេះ គឺនៅលើពិភពលោកមានអ្នកផ្ទុកជំងឺកូវីដ១៩ជិត ៥០លាននាក់ និងមានអ្នកស្លាប់ចំនួនជាង១លាន ២សែននាក់។
ក្រុម NACC Team Against Covide-19 បាននិងកំពុងធ្វើសកម្មភាពដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ធ្វើយុទ្ឋនាការផ្សព្វផ្សាយអប់រំដល់កម្មករនិយោជិត និងប្រជាពលរដ្ឋ អនុវត្តឲ្យបានខ្ជាប់ខ្ជួននូវគោលការណ៍របស់រាជរដ្ឋាភិបាលអំពីវិធីការពារមិនឲ្យឆ្លងរាលដាល ព្រមទាំងបាញ់ថ្នាំបំភាយ សម្លាប់មេរោគទប់ស្កាត់ការពារការរីករាលដាលជំងឺកូវីដ១៩ នៅតាមបណ្តាខេត្ត រាជធានី ជាពិសេសនៅតាមបន្ទប់ជួលកម្មករ និងកន្លែងធ្វើការរបស់កម្មករ។
លោក សោម អូន បានកើតសរសើរដល់កងកម្លាំងការពារ និងហែហម ដែលបានខិតខំបំពេញការងារដើម្បីការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំជាតិ និងអន្តរជាតិ ហើយលោកក៏បានបង្ហាញ នូវមោទនភាពដែលបានមកចូលរួមចំណែក ក្នុងយុទ្ឋនាការអប់រំផ្សព្វផ្សាយ និងបាញ់ថ្នាំបំភាយសម្លាប់មេរោគនៅនៅអគាររដ្ឋបាលអង្គភាព និងនៅបរិវេណជុំវិញនាពេលនេះ។
លោក សោម អូន បានអំពាវនាវដល់កងកម្លាំង នៃអង្គភាពទាំអស់ បន្តចូលរួមអនុវត្តនូវគោលការណ៍សំខាន់ៗរបស់ក្រសួងសុខាភិបាលរួមមាន៖
* ទី១៖ ពាក់ម៉ាស់ ជានិច្ចនៅពេលមានការជួបជុំ
* ទី២៖ រស់នៅស្អាតជាប្រចាំ
* ទី៣៖ រក្សាគម្លាតសុវត្ថិភាពនៅពេលមានការជួបជុំ។
សូមបញ្ជាក់ថា បន្ទាប់ពីសំណេះសំណាលចប់, លោក សោម អូន បានប្រគល់ម៉ាសដល់អង្គភាពចំនួន៣០០០ម៉ាស ដើម្បីប្រើប្រាស់តាមតម្រូវការរបស់អង្គភាព៕