(ភ្នំពេញ)៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងសមាជិក សមាជិកាទាំងអស់ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានផ្ញើសារអបអរសាទរថ្វាយ សម្តេចម៉ែ មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលទទួលបាន គ្រឿងឥស្សរិយយស «មិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន» ពីលោកប្រធានាធិបតី ស៊ី ជិនពីង។
ក្នុងសារលិខិតអបអរនេះ សម្តេចហេង សំរិន បានលើកឡើងយ៉ាងដូច្នេះថា៖ «តាងនាមសមាជិក សមាជិការដ្ឋសភា និងទូលព្រះបង្គំផ្ទាល់ សូមព្រះបរមរាជានុញ្ញាតសម្តែងនូវការអប អរសាទរដ៏ជ្រាលជ្រៅថ្វាយ សម្តេចព្រះវររាជមាតាជាតិខ្មែរ ជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសព្រះរាជពិធីទទួលគ្រឿងឥស្សរិយយស «មិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន» ដែលជាគ្រឿងឥស្សរិយយសដ៏ខ្ពង់ខ្ពស់បំផុតសម្រាប់ថ្នាក់ដឹកនាំបរទេស ថ្វាយដោយ ឯកឧត្តម XI JINPING ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០»។
ទូលព្រះបង្គំយើងខ្ញុំ សូមសម្តែងនូវកតញ្ញូតាធម៌យ៉ាងជ្រាលជ្រៅបំផុត ចំពោះស្នាព្រះហស្តដ៏ឧត្តុង្គឧត្តម ជាប្រវត្តិសាស្ត្ររបស់ព្រះករុណាព្រះបាទ សម្តេចព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាព ទឹកដី និងឯកភាពជាតិខ្មែរ (ព្រះបរមរតនកោដ្ឋ) និងសម្តេចព្រះវររាជមាតាជាតិខ្មែរ ដែលបាន បំពេញព្រះរាជបេសកកម្មដ៏ថ្លៃថ្លាដើម្បីថែរក្សា និងលើកកម្ពស់ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហ ប្រតិបត្តិការយូរអង្វែង។ ស្នាព្រះហស្តដ៏ថ្លៃថ្លានេះ បានដក់ជាប់ក្នុងដួងចិត្តប្រជាជនខ្មែរជារៀងរហូត និងបាននាំមកនូវផលប្រយោជន៍ទៅវិញទៅមកលើគ្រប់វិស័យ រវាងប្រទេសទាំងពីរ កម្ពុជា-ចិន។មក
ជាថ្មីម្តងទៀត សម្តេច ហេង សំរិន និងសមាជិក សមាជិកាទាំងអស់នៃរដ្ឋសភា ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតលំឱនកាយលើកហត្ថបួងសួងដល់ទេវតារក្សាព្រះរាជាណាចក្រកម្ពុជា ទេវតារក្សាព្រះមហាស្វេតឆ័ត្រ គុណបុណ្យព្រះរតនត្រៃ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយ ក្នុងលោក សូមព្រះអង្គតាមជួយថែរក្សាអភិបាល ព្រោះព្រំសព្វសាធុការពរជ័យ សិរីសួស្តី ជ័យមង្គលបវរមហា ប្រសើរ ថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងព្រះ រាជវង្សានុវង្ស បានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ផងដែរថា រដ្ឋាភិបាលចិន បានសម្រេចថ្វាយគ្រឿងឥស្សរិយយស «មិត្តភាពនៃសាធារណរដ្ឋប្រជាមានិតចិន» ដល់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ គ្រឿងឥស្សរិយយស «មិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន» ជាគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុត សម្រាប់ឥស្សរជនឆ្នើមបរទេស ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការធ្វើទំនើបភាវូបនីយកម្មសង្គមនិយមចិន ការជំរុញការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការរវាងចិន និងបណ្តាប្រទេសបរទេស និងការពារសន្តិភាពពិភពលោក។
រដ្ឋាភិបាលចិនថ្វាយគ្រឿងឥស្សរិយយសនេះ ដើម្បីជាកិច្ចថ្វាយនូវការដឹងគុណ ក្នុងការចូលរួមចំណែកដ៏ធំធេង នៃសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះចំណងមិត្តភាពកម្ពុជា-ចិន។ ព្រះរាជពិធីថ្វាយគ្រឿងឥស្សរិយយសជាផ្លូវការ បានប្រព្រឹត្តឡើងយ៉ាងមហោឡារឹកអធិកអធមនៅថ្ងៃទី០៦ ខែវិចិ្ឆកា ឆ្នាំ២០២០ នាវិមានមហាប្រជាជនចិន នាទីក្រុងប៉េកាំង ប្រទេសចិន។
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ជាអ្នកអញ្ជើញថ្វាយនូវគ្រឿងឥស្សរិយយសនេះដោយផ្ទាល់ដល់ព្រះវររាជមាតាជាតិខ្មែរ៕
ខាងក្រោមនេះជាសារលិខិតសម្តេចពញាចក្រី ហេង សំរិន សម្តែងការអបអរថ្វាយសម្តេចម៉ែ៖