(កំពង់ឆ្នាំង-ពោធិ៍សាត់)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ រួមដំណើរដោយនាយទាហានជាន់ខ្ពស់ក្នុងអគ្គបញ្ជាការ នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បាននាំយកអាវរងារជាច្រើនអាវ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទៅចែកជូនកងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងនៅក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង របស់យោធភូមិភាគពិសេស និងកងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងនៅទិសទី៤ ខេត្តពោធិ៍សាត់ របស់យោធភូមិភាគទី៥ សម្រាប់ប្រើប្រាស់ក្នុងរដូវរងានេះ។
អាវរងាដែលនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ នាំយកប្រគល់ជូននាឱកាសនេះរួមមាន៖ យោធភូមិភាគទី៥ ទទួលបានអាវចំនួន ១២,២៦៤អាវ និងភូមិភាគពិសេស ទទួលបានអាវចំនួន ២,៤៤៥អាវ ដែលសរុប ១៤,៧០៩អាវ។
វត្តមានរបស់ថ្នាក់ដឹកនាំអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាឱកាសនេះ សបញ្ជាក់បានថា ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានយកចិត្តទុកដាក់ដោះស្រាយរាល់ការលំបាក និងទំនុកបម្រុងថែបំប៉ន ផ្គត់ផ្គង់គ្រប់បែបយ៉ាងដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ជាពិសេសរៀងរាល់រដូវកាល គឺរដូវភ្លៀងផ្តល់អាវភ្លៀង និងរដូវរងារផ្តល់អាវរងា។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះនាយ និងពលទាហានទាំងអស់ ដែលបានខិតខំយកអស់កម្លាំងកាយចិត្ត បំពេញបេសកកម្មការពារជាតិ ការពារទឹកដី តាមតួនាទីភារកិច្ច និងសម្រេចបានជោគជ័យជាបន្តបន្ទាប់។
ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចពិជ័យសេនា ទៀ បាញ់ ថ្នាក់ដឹកនាំអគ្គមេបញ្ជាការនៃកងយោអពលខេមរភូមិន្ទ ជូនដល់នាយទាហាន និងពលទាហាន ដែលជានិច្ចកាលថ្នាក់ដឹកនាំទាំងអស់តែងតែគិតគូរពីសុខទុក្ខដល់កងទ័ពទាំងអស់មិនថាស្ថិតនៅក្នុងកាលៈទេសៈណានោះទេ។
នាយឧត្ដមសេនីយ៍ ឥត សារ៉ាត់ បានធ្វើការពន្យល់ពីគុណតម្លៃ ក៏ដូចជាសារៈសំខាន់នៃសន្តិភាព សម្រាប់ការកសាង និងអភិវឌ្ឍប្រទេសលើគ្រប់វិស័យ ព្រមទាំងឧបាយកលទុច្ចរិត និងសកម្មភាពក្បត់ជាតិម្តងហើយ ម្តងទៀតរបស់ជនអគតិ ដែលតែងតែប៉ុនប៉ងធ្វើវិទ្ធង្សនាដល់ការអភិវឌ្ឍ តាមរយៈបំផុសបំផុល មួលបង្កាច់ បង្កចលាចលតាមគ្រប់រូបភាព ដើម្បីបង្កអស្ថិរភាពដល់សង្គមកម្ពុជា។
នាយឧត្ដមសេនីយ៍ ឥត សារ៉ាត់ បានរម្លឹកដល់កងកម្លាំងប្រដាប់អាវុធ ឱ្យបន្តលើកកម្ពស់មនសិការស្នេហាជាតិ ស្មោះត្រង់រាជរដ្ឋាភិបាល រួមកម្លាំងសាមគ្គី ការពារសន្តិភាព ទប់ស្កាត់ និងបង្រ្កាបទាន់ពេលវេលាចំពោះជនអគតិទាំងឡាយ ដែលមានឧបាយកលចង់បំផ្លាញសុខសន្តិភាព និងបន្តថែរក្សារាល់សមិទ្ធផលនានា ដែលប្រសូត្រចេញពីនយោបាយឈ្នះ-ឈ្នះ របស់មគ្គុទ្ទេសក៍ឯកសន្តិភាព សម្តេចតេជោ ហ៊ុន សែន ដើម្បីនាំមកនូវវឌ្ឍនភាព និងវិបុលភាពថែមទៀតសម្រាប់ប្រជាជន និងសង្គមជាតិ។
បន្ថែមលើនេះ នាយឧត្ដមសេនីយ៍ ក៏បានថ្លែងគុណដល់កងកម្លាំងទាំងអស់ ដែលបានចូលរួមក្នុងការងារជួយសង្រ្គោះប្រជាពលរដ្ឋពីគ្រោះមហន្តរាយដោយជំនន់ទឹកភ្លៀងនាពេលកន្លងមកថ្មីៗនេះ តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និង អគ្គបញ្ជាការ។
ទន្ទឹមនោះ នាយឧត្ដមសេនីយ៍ ឥត សារ៉ាត់ ក៏បានផ្តាំផ្ញើបន្ថែមដល់កងកម្លាំងទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ចុះជួយប្រជាពលរដ្ឋក្នុងការងារដកស្ទូង និងប្រមូលផលផងដែរ។
ជួសមុខឱ្យថ្នាក់ដឹកនាំនាយ ពលទាហាន ឧត្តមសេនីយ៍ទោ ទិត្យ រចនា មេបញ្ជាការងយោធភូមិភាគពិសេស ទទួលទិសខេត្តកំពង់ឆ្នាំង និងឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនសម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះកងយោធពលខេមរភូមិន្ទ ដែលជានិច្ចកាលតែងបានយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនកងកម្លាំងប្រដាប់អាវុធ ហើយបានប្តេជ្ញាស្មោះត្រង់ដាច់ខាតចំពោះជាតិមាតុភូមិ និងប្រជាជន, គោរពអនុវត្តយ៉ាងម៉ឺងម៉ាត់នូវរាល់បទបញ្ជា និងអនុសាសន៍របស់សម្តេច ដើម្បីបុព្វហេតុការពារខឿនឯករាជ្យជាតិ ការពារបូរណភាពទឹកដី ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងការពារសមិទ្ធផលនានារបស់សង្គមជាតិ៕