(ភ្នំពេញ)៖ តាមការណែនាំចង្អុលបង្ហាញពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល រួមជាមួយលោក លោកស្រីអភិបាលរងខណ្ឌ ព្រមទាំងមន្ត្រីសាលាខណ្ឌ សាលាសង្កាត់ បងប្អូនយុវជន ស.ស.យ.ក ខណ្ឌ សង្កាត់ និងកម្លាំងយោធានៅទីបញ្ជាការដ្ឋានទ័ពពិសេសសរុប ២៥៥នាក់ បានបែងចែកជា១១ ក្រុម ចូលរួមយុទ្ធនាការភ្នំពេញស្អាត ដោយដើរប្រមូលសំរាមនៅតាមផ្លូវជាតិលេខ៤ ក្រោយទឹកបានស្រក។
ក្រោមពាក្យស្លោក «ស្អាតជាទម្លាប់» ដោយចាប់ផ្តើមធ្វើសកម្មភាពរើសសំរាម វេចខ្ចប់ ព្រមទាំងផ្សព្វផ្សាយពីការវេចខ្ចប់ ទុកដាក់សំរាមដល់ប្រជាពលរដ្ឋ នៅតាមអមសងខាងផ្លូវជាតិលេខ៤ ក្នុងសង្កាត់កំបូល និងសង្កាត់កន្ទោក ចាប់ពីព្រំប្រទល់ស្រុកអង្គស្នួល ខេត្តកណ្តាល ដល់ព្រំប្រទល់ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងលាងសម្អាតទ្រូងផ្លូវជាតិលេខ៤ ចាប់ពីខាងកើតផ្លូវ រថភ្លើងដល់ច្រកក្លោងទ្វារខាងកើតបុរីសែនមនោរម្យ ព្រំប្រទល់ខណ្ឌពោធិ៍សែនជ័យ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកអភិបាលខណ្ឌ បានបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណៈជនដែលធ្វើដំណើរឆ្លងកាត់ ត្រូវបន្តចូលរួមចំណែកក្នុងការសម្អាតបរិស្ថាន តាមលំនៅដ្ឋានរបស់ខ្លួន កុំចោលសំរាមផ្តេសផ្តាសពាសវាលពាលកាល។
លោកណែនាំ ដោយត្រូវបង្កើតទម្លាប់ធ្វើការវេចខ្ចប់ ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ គត់មត់ល្អ ដែលនឹងនាំក្លាយទៅជាទម្លាប់ល្អ ស្របតាមទិសស្លោក «ស្អាតជាទម្លាប់» ដើម្បីជាការចូលរួមចំណែកលើកកម្ពស់សោភ័ណភាព បរិស្ថាន អនាម័យ ក្នុងភូមិសាស្ត្រខណ្ឌ ឲ្យកាន់តែប្រសើរឡើងស័ក្តិសមជាខណ្ឌ នៃរាជធានីភ្នំពេញ បេះដូងនៃព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា យុទ្ធនាការសម្អាតបរិស្ថាននេះ ជាលើកទី៤ និងគឺជាទម្លាប់ នៃការសម្អាតរបស់រដ្ឋបាលខណ្ឌកំបូល ចាប់តាំងពីការបង្កើតដែលមានរយៈពេលជាងមួយឆ្នាំកន្លងមកនេះ៕