(ភ្នំពេញ)៖ លោក ប៊ុន សំបូរ រដ្ឋលេខាធិការទីស្តីការគណរដ្ឋមន្រ្តី និងក្រុមគ្រួសារ បានអញ្ចើញចូលរួមជួបសំណេះសំណាល សាកសួរសុខទុក្ខ ជាមួយប្រជាពលរដ្ឋរស់ក្នុងសង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ និងផ្ដល់ជូននូវអំណោយសប្បុរសធម៌ ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាលពីជំងឺកូវីដ-១៩ និងជំនន់ទឹកភ្លៀង ចំនួន៣៤៤គ្រួសារ នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។
ក្នុងឱកាសនោះ លោក ប៊ុន សំបូរ ក៏បាននាំការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ជូនដល់ពលរដ្ឋដែលចូលរួមផងដែរ ទោះបីសម្តេចទាំង៣ មិនអាចអញ្ជើញមកផ្ទាល់ក្តី ក៏ជានិច្ចកាលសម្តេចតែងតែផ្តែផ្តាំ តាមក្រុមការងារបក្សឲ្យសួរសុខទុក្ខពលរដ្ឋ និងនាំនូវការនឹករលឹកជានិច្ច។
លោកបានបន្តថា នៅកម្ពុជាបានទទួលរងឥទ្ធិពលពីការផ្ទុះឡើង នៃជំងឺនេះប៉ះពាល់ខ្លាំងទៅលើវិស័យសេដ្ឋកិច្ច-សង្គម និងជីវភាពរស់នៅរបស់ប្រជាជន ហើយនៅពេលដែលកំពុងប្រយុទ្ធនឹងកូវីដ-១៩នេះ។ ប្រទេសកម្ពុជាក៏ត្រូវរងគ្រោះដោយសារទឹកជំនន់ថែមទៀត ដែលកម្មវិធីនៅថ្ងៃនេះ គឺដើម្បីជួយកាត់បន្ថយ ការលំបាករបស់ដល់អ្នកដែលរងប៉ះពាល់ពីទឹកជំនន់នេះ ទាំងដោយផ្ទាល់ និងដោយប្រយោល។ ទោះយ៉ាងនេះក្តីកម្ពុជា នៅតែរក្សាបានស្ថិរភាព នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រជាជនបានរស់នៅប្រកបដោយភាពសុខក្សេមក្សាន្ត។
លោក ប៊ុន សំបូរ បានបន្ថែមថា ការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ នៅកម្ពុជាបានកើតមានឡើង តាមរយៈការនាំចូលពីក្រៅដែលរហូតមកដល់ពេលនេះ នៅតែអាចគ្រប់គ្រងបាន មិនឲ្យមានការរីករាលដាលឆ្លងចូល ក្នុងសហគមន៍ មិនមានអ្នកស្លាប់ និងមិនមានការបិទប្រទេសឡើយ ហើយស្ថិតក្នុងកាលៈទេសៈ ដ៏លំបាកនេះ រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានប្រមែប្រមូលធនធានពីគ្រប់ទិសទី គ្រប់មជ្ឈដ្ឋាន ដើម្បីយកមកជួយសង្គ្រោះប្រជាជន នៅរាល់ពេលប្រទេសជាតិ មានអាសន្នរងគ្រោះមហន្តរាយ រាល់ពេលដែលប្រជាជនជួបការលំបាក។
ជាក់ស្ដែង សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំគ្រប់ក្រសួងស្ថាប័ន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំង គ្រប់ប្រភេទ ព្រះសង្ឃ ក្រុមយុវជន បានចូលរួមនៅក្នុងសកម្មភាពជួយប្រជាជន ពេលមានគ្រោះដោយធម្មជាតិ ជំងឺរាតត្បាតផ្សេង និងជាពិសេសពេលពលរដ្ឋជួបទុក្ខលំបាក។
សូមបញ្ជាក់ថា នេះជាលើកទី៥ ហើយដែលលោកប៊ុន សំបូរ និងក្រុមគ្រួសារ ព្រមទាំងសប្បុរសជន បានរៀបចំកម្មវិធីចែកអំណាយជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងទូទាំងសង្កាត់បឹងធំនេះ សរុបចំនួន២,០៥៩គ្រួសារ។ ដោយលើកទី១ នៅថ្ងៃទី១១ ខែមេសា ចំនួន៣២គ្រួសារ, លើកទី២ នៅថ្ងៃទី១៩ ខែមេសា ចំនួន៣១គ្រួសារ, លើកទី៣ នៅថ្ងៃទី១៧ ខែសីហា ចំនួន១៥២គ្រួសារ និងលើកទី៤ នៅថ្ងៃទី២៤ ខែតុលា ចំនួន១,៥០០គ្រួសារ និងលើកទី៥នេះ ចំនួន៣៤៤គ្រួសារ៕