(ភ្នំពេញ)៖ គ្រឿងញៀនជាង៣គីឡូក្រាម និងជនសង្ស័យម្នាក់ ត្រូវនគរបាល នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចុះបង្ក្រាបត្រង់ចំណុច បណ្តោយផ្លូវបេតុង ក្បែររង្វង់ មូលនាងមច្ឆា សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វារ។
ប្រតិបត្ដិការនេះ ធ្វើឡើងនាថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង២០៖៤៥នាទី កម្លាំងជំនាញ (ក៨) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ វ៉ាន់ កុសល នាយករងមន្ទីរ សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ព្រមទាំងមានការសម្របសម្រួល ពីលោក សឿង មុនីរត័្ន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវ និងបង្ក្រាបករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន នៅរាជធានីភ្នំពេញ ចំណុចបណ្តោយផ្លូវបេតុង ក្បែររង្វង់ មូលនាងមច្ឆា សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វារ។
ប្រតិបត្ដិការនេះ អនុវត្តតាមបញ្ជានាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំង បទល្មើសគ្រឿងញៀនដោយមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន មានខ្សែរយៈចាត់តាំង ជួញដូរគ្រឿងញៀនឆ្លងដែន ចូលពីប្រទេសឡាវ មកកម្ពុជា។
ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សឿន ពិសិដ្ឋ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ។ វត្ថុតាងចាប់យកបាន គ្រឿងញៀន សរុប ៣១១១.០៧ក្រាម, សារធាតុញៀនប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់ ៣១១០ក្រាម អ៊ិចស្តាស៊ី(MDMA)ទម្ងន់ ១.០៧ក្រាម ជញីងថ្លឹងគ្រឿងញៀន០១គ្រឿង៕