Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាឡិចចង់ត្រឡប់មកកម្ពុជា ដើម្បីប្រឈមនឹងតុលាការ ខណៈមហាផ្ទៃថា «ច្បាប់មិនអនុញ្ញាតទេ»

08-02-2016 16:51

(ភ្នំពេញ)៖ លោក Alejandro Gonzalez Davidson (អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសុន) ប្រធានអង្គការមាតាធម្មជាតិ ដែលអាជ្ញាធរកម្ពុជា បណ្តេញទៅក្រៅប្រទេសកាលពីដើមឆ្នាំមុន, ពេលនេះកំពុងស្វែងរកវិធីត្រឡប់មកកម្ពុជា ដើម្បីប្រឈមនឹងការចោទប្រកាន់ របស់តុលាការខេត្តកោះកុង ប៉ុន្តែអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានអះអាងថា ច្បាប់មិនអនុញ្ញាតឱ្យជនបរទេសរូបនេះ មកកម្ពុជាវិញឡើយ។

លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានប្រាប់អង្គភាពព័ត៌មាន Fresh News ឱ្យដឹងថា ការចង់ត្រឡប់មកកម្ពុជាម្តងទៀត របស់អាឡិច ច្បាប់ពុំអនុញ្ញាតឡើយ ដោយសារតែលោកត្រូវបានវ៉ៃត្រាក្រហម «ហាមចូល» ហើយកម្ពុជាមិនស្វាគមន៍ឡើយ។

លោកថា «អាឡិច ហ្សង់ដ្រូ ត្រូវបានក្រសួងមហាផ្ទៃ សម្រេចបណ្តេញទៅក្រៅប្រទេសហើយ បើតាមផ្លូវច្បាប់ ជនបរទេសដែលត្រូវបណ្តេញចេញហើយ មិនអាចវិលមកកម្ពុជាវិញបានទេ ក្លាយជាអ្នកដែលកម្ពុជាលែងស្វាគមន៍ហើយ»

លោក អាឡិច ត្រូវបានក្រសួងមហាផ្ទៃ បណ្តេញចេញកាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០១៥ បន្ទាប់ពីបានធ្វើសកម្មភាពប្រឆាំងមួយចំនួន នៅតំបន់អារ៉ែង និងប្រឆាំង ការបូមខ្សាច់នៅក្នុងខេត្តកោះកុង ដែលអាជ្ញាធរអះអាងល្មើសច្បាប់នៅកម្ពុជា ក្នុងនោះសមាជិករបស់អាឡិច ៣នាក់ ត្រូវបានតុលាការឃុំខ្លួនផងដែរ។

នាថ្មីៗនេះ តុលាការខេត្តកោះកុងបានសម្រេចចោទប្រកាន់ លោក អាឡិចហ្សង់ត្រូ ស្ថាបនិកចលនាមាតាធម្មជាតិ និងព្រះសង្ឃ២អង្គទៀត ពីបទសមគំនិតលើសំណុំរឿងប្រឆាំងនឹងការបូមខ្សាច់ នៅក្នុងខេត្តកោះកុងនោះ។ នេះបើតាមការបញ្ជាក់ ពីលោក ជេត វិត្រា សមាជិកអង្គការចលនាមាត្រាធម្មជាតិ។

លោក ជេត វិត្រា បានអះអាងប្រាប់ Fresh News កាលពីម្សិលមិញថា បន្ទាប់ពីមានការចោទប្រកាន់នោះ លោក អាឡិច ពេលនេះមានបំណងចង់មកប្រឈមនឹងតុលាការ នៅកម្ពុជា ដែលបានចោទប្រកាន់រូបគាត់ ជុំវិញករណីខាងលើ។

កាលពីចុងសប្តាហ៍មុន លោក អាឡិចហ្សង់ដ្រូ បានចេញសេចក្តីថ្លែងការណ៍បដិសេធ ចំពោះការចោទប្រកាន់ របស់តុលាការខេត្តកោះកុង។ អាឡិចនិយាយថា «ការចោទប្រកាន់គឺគ្មានមូលដ្ឋានទាល់តែសោះ ដោយសារតែយុទ្ធនាការប្រឆាំងនឹងការបូមខ្សាច់របស់យើង គឺត្រូវបានធ្វើឡើង ស្របទៅតាមគោលការណ៍អហិង្សា និងស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា»

សេចក្តីថ្លែងការណ៍បន្ថែមថា «សកម្មភាពដែលយើងបានធ្វើ និងកំពុងធ្វើគឺស្ថិតនៅក្នុង គោលបំណងការពារធនធានធម្មជាតិ របស់ប្រទេសកម្ពុជា និងការពារជីវភាពរស់នៅរបស់ប្រជានេសាទ ក្នុងតំបន់ដែលកំពុងតែត្រូវបានគំរាមកំហែង ដោយការបូមខ្សាច់ខុសច្បាប់»