(ភ្នំពេញ)៖ តាមការចង្អុលបង្ហាញពីជនសង្ស័យឈ្មោះ ឌឹម សុខឡា និងដោយមានការសម្របសម្រួលពីលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងមូលដ្ឋានអាវុធហត្ថ ខណ្ឌកំបូល បានសហការជាមួយកម្លាំងអាវុធហត្ថ ស្រុកអង្គស្នួល បានឃាត់ខ្លូនជាក់ស្ដែងជនសង្ស័យជាមុខសញ្ញាជួញដូរ ចែកចាយ និងប្រើប្រាស់សារធាតុញៀនចំនួន៥នាក់បន្ថែមទៀត នៅផ្ទះគ្មានលេខ ភូមិក្រាំងម្កាក់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នូល ខេត្តកណ្តាល កាលពីវេលាម៉ោង១១៖៥០នាទីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០។
ក្រោយការចាប់ខ្លួនកម្លាំងអាវុធហត្ថ បានដកហូតបានវត្ថុតាងគ្រឿងញៀនក្រាមសថ្លាចំនួន១៦កញ្ចប់ (៦កញ្ចប់ធំ និង១០កញ្ចប់តូច), ម៉ាស៊ីនសម្រាប់ថ្លឹងគ្រឿងញៀនចំនួន២, អាវុធខ្លី១ដើមម៉ាក K59 មានគ្រាប់ចំនួន៨គ្រាប់ និងសម្ភារសម្រាប់សេពមួយចំនួនទៀតផងដែរ។
ជនសង្ស័យទាំង០៦មានឈ្មោះរួមមាន៖
* ទី១៖ ឈ្មោះ ឌឹម សុខឡា អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ស្ថិតនៅភូមិត្រពាំងសុក្រំ ឃុំបែកចាន ស្រុកអង្គស្នូល ខេត្តកណ្តាល
* ទី២៖ ឈ្មោះ យុន ហំ អាយុ៤៨ឆ្នាំ មុខរបរមិនពិតប្រាកដ (ជួញដូរនិងចែកចាយគ្រឿងញៀន) ទីលំនៅបច្ចុប្បន្ន ស្ថិតនៅភូមិក្រាំងម្កាក់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នូល ខេត្តកណ្តាល
* ទី៣៖ ឈ្មោះ ខាន់ បារាំង អាយុ៣៥ឆ្នាំ មុខរបរកម្មករសំណង់ (មានសារធាតុញៀន) បច្ចុប្បន្នរស់នៅភូមិក្រាំងម្កាក់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នូល ខេត្តកណ្តាល
* ទី៤៖ ឈ្មោះ មាស ចិន្តា អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន) បច្ចុប្បន្នរស់នៅភូមិក្រាំងម្កាក់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នូល ខេត្តកណ្តាល
* ទី៥៖ ឈ្មោះ សុខ នី អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ (ចែកចាយគ្រឿងញៀន)
* ទី៦៖ ឈ្មោះ ថុល សោភ័ណ្ឌ ភេទស្រី អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ (ពាក់ព័ន្ធគ្រឿងញៀន) បច្ចុប្បន្នស្នាក់នៅផ្ទះជនសង្ស័យ ភូមិក្រាំងម្កាក់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នូល ខេត្តកណ្តាល។
បច្ចុប្បន្នជនសង្ស័យទាំង៦នាក់ ត្រូវបានបញ្ជូនទៅការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការផ្តន្ទាទោសតាមនីតិវិធីច្បាប់៕