(សៀមរាប)៖ លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានជួបពិភាក្សាការងារបច្ចេកទេសជាមួយតំណាងស្ថាប័នរបស់អង្គការមូលនិធិប្រាសាទពិភពលោក (WMF) ដើម្បីជួសជុលប្រាសាទតាសោម។
ក្រុមការងារបានចុះសិក្សារួមគ្នាលើលទ្ធភាពនានាក្នុងការការពារ ការអភិរក្ស ក៏ដូចជាកិច្ចការជួសជុលបន្ថែម ក្រោយពេលស្ថាប័នសហរដ្ឋអាមេរិក WMF ជួសជុលរួចរាល់តាំងពីឆ្នាំ២០១២ មក។
នាឱកាសចុះពិនិត្យការដ្ឋានការងារនៅពេលនោះ ក្រុមការងារបានសិក្សារួមគ្នារកដំណោះស្រាយ ដើម្បីបញ្ជៀសបញ្ហាអវិជ្ជមានមួយចំនួនក្នុងពេលជួសជុល ពិសេសស្របតាមតម្លៃនៃសម្បត្តិបេតិកភណ្ឌជាតិ។
លោកអគ្គនាយកអាជ្ញាធរជាតិអប្សរា បានណែនាំនូវចំណុចចំនួន ដើម្បីរៀបចំបរិវេណប្រាសាទតាសោមឱ្យមានសោភណ្ឌភាពល្អ និងទាក់ទាញភ្ញៀវទេសចរ។
គួររំឭកថា អង្គការមូលនិធិប្រាសាទពិភពលោក ក្រោមកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមជួសជុលប្រាសាទតាសោម ចាប់ពីឆ្នាំ២០០០ រហូតដល់ឆ្នាំ ២០១២។
យ៉ាងណាក៏ដោយ ក្រោយជួសជុលរយៈពេល១០ឆ្នាំមកនេះ ស្ថាប័ននេះសង្កេតឃើញថាមានបញ្ហាមួយចំនួនដែលត្រូវដោះស្រាយបន្ត ដូចជា ការរៀបចំប្រព័ន្ធទឹកដែលជាបញ្ហាប្រឈមខ្លាំង ដែលធ្វើឱ្យហូរច្រោះដល់ឫសឈើធំៗ ដែលអាចមានហានិភ័យទៅអនាគត៕