(ព្រៃវែង)៖ ព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជើញចូលរួមកម្មវិធីសំណេះសំណាលជាមួយបងប្អូនប្រជាកសិករដាំដុះបន្លែក្នុងខេត្តព្រៃវែង និងខេត្តស្វាយរៀង សរុបប្រមាណ២០០នាក់។
កម្មវិធីនេះរៀបចំឡើងដោយមានការរៀបចំ និងសម្របសម្រួលដោយក្រុមហ៊ុន បន្លែសុវត្ថិភាពខ្មែរ និងមន្ទីរកសិកម្មខេត្តព្រៃវែង។
ឆ្លៀតក្នុងឱកាសនោះ លោក កៅ ថាច បានថ្លែងអំណរគុណដល់បងប្អូនប្រជាកសិករដាំដុះបន្លែ ដែលបានចំណាយពេលវេលាអញ្ជើញ ចូលរួមក្នុងកម្មវិធីនៅព្រឹកនេះ។
លោកអគ្គនាយកបានបញ្ជាក់ប្រាប់បងប្អូនកសិករពីគោលការណ៍ និងលក្ខខណ្ឌទទួលបានឥណទាន ដោយអត្រាការប្រាក់ទាប៥% ក្នុងមួយឆ្នាំ សម្រាប់ផ្តល់ជូនដល់ប្អូនកសិករដាំដុះបន្លែ ចញ្ចឹមសត្វ ចញ្ចឹមត្រី ជាដើម។
លោក កៅ ថាច លើកទឹកចិត្តដល់បងប្អូនកសិករទំនាក់ទំនង មកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក្នុងករណីមានតម្រូវការឥណទាន ដើម្បីពង្រីកការដាំដុះ។
ធ្វើការលើកទឹកចិត្តដល់បងប្អូនកសិករ ធ្វើការជ្រើសរើសពូជក្នុងការដាំដុះ ហើយការដាំដុះបន្លែ ត្រូវរៀបចំផែនការដាំដុះអោយបានត្រឹមត្រូវ ដើម្បីផ្គត់ផ្គង់ចូលទីផ្សារបានទៀតទាត់។ ត្រង់នេះលោកបានសង្គត់ធ្ងន់ថា កន្លងមកបងប្អូនដាំដុះដោយមិនមានផែនការ ជាហេតុធ្វើមានការខាតបង់ ឬ មិនទទួលផលចំនេញច្រើន ដោយសារការផ្គត់ផ្គង់ចូលទីផ្សារមិនជាប់លាប់។ ពេលខ្លះផលិតផលដែលដាំ បានជុញគរលើទីផ្សារ ជាហេតុធ្វើឲ្យធ្លាក់ថ្លៃជាដើម។
លោក កៅ ថាច បានលើកយកឧទាហរណ៍ជាក់ស្តែង ព្រមជាមួយទឡ្ហីករណ៍មួយចំនួន ដើម្បីអោយបងប្អូនប្រជាកសិករ មានមូលដ្ឋានក្នុងការពិចារណាផងដែរ។ លោកបានស្នើសុំអោយបងប្អូនកែប្រែទម្លាប់ ពីការដាំដុះបែបកសិករ ទៅជាការដាំដុះ ក្នុងនាមជាសហគ្រិន ពោល គឺដាំដុះដើម្បីធ្វើពាណិជ្ចកម្ម ផ្គត់ផ្គង់ចូលទីផ្សារ ប្រកបដោយគុណភាព សុវត្ថិភាព និងមាននិរន្តភាព។ ការណ៍នេះ ជីវភាពរបស់ប្អូនប្អូននឹងមានការកែប្រែ និងរីកចំរើន។
ឆ្លៀតក្នុងឱកាសនោះដើម្បីជាទំនុកចិត្តដល់បងប្អូនកសិករ លោកអគ្គនាយក បានធ្វើការណែនាំក្រុមហ៊ុនបន្លែសុវត្ថិភាពខ្មែរ ដែលជាក្រុមហ៊ុនបោះដុំបន្លែ ដើម្បីអោយបងប្អូនធ្វើការចុះកិច្ចសន្យា ធ្វើដូចនេះដើម្បីធានាបាននូវភាពច្បាស់លាស់លើទីផ្សារ។ ប៉ុន្តែលោក បានសំណូមពរអោយបងប្អូនពង្រឹងការដាំដុះប្រកបដោយគុណភាព គោរពបាននូវស្តង់ដារអនាម័យផងដែរ។
លោកអគ្គនាយកបានថ្លែងអំណរគុណដល់មន្ទីកសិកម្មខេត្ត ដែលបានសហការផ្តល់ទីតាំងសម្រាប់រៀបចំកម្មវិធីនេះឡើង។ ជាមួយគ្នានេះដើម្បីជួយសម្រួលថ្លៃធ្វើដំណើរ លោកអគ្គនាយកបានឧបត្ថម្ភថវិកាមួយចំនួន ជូនដល់បងប្អូនកសិករដាំដុះបន្លែ ដែលអញ្ជើញមកពីខេត្តស្វាយរៀង និងខេត្តព្រៃវែងផងដែរ៕