(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ បានដឹកនាំមន្ត្រីក្រោមឱវាទ នៃរដ្ឋបាលខណ្ឌ រដ្ឋបាលសង្កាត់ ទាំង០៥ និងសហភាពសហព័ន្ធយុវជនកម្ពុជាសង្កាត់ ខណ្ឌ បានចុះបើកយុទ្ធនាការផ្សព្វផ្សាយការបង្ការ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ។
ក្នុងយុទ្ធនាការនោះ លោក សុខ សម្បត្តិ បានក្រើនរំលឹកប្រជាពលរដ្ឋមិនត្រូវភ្លេចខ្លួនជាមួយជំងឺកូវីដ-១៩នេះឡើយ ពោលត្រូវបន្ដប្រុងប្រយ័ត្ន ធ្វើអនាម័យជាប់ជាប្រចាំ ពាក់ម៉ាសក្នុងករណីចាំបាច់ និងរក្សាគម្លាតសុវត្ថិភាព ព្រោះជំងឺដ៏កាចសាហាវនេះពិភពលោកកំពុងតែមានការព្រួយបារម្ភនៅឡើយ ខណៈអត្រាការឆ្លងបន្ដមានជារៀងរាល់ថ្ងៃ។
សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅកម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន២៩៤នាក់ ក្នុងនោះអ្នកជាសះស្បើយ២៨៨នាក់ និងអ្នកកំពុងព្យាបាល នៅមន្ទីរពេទ្យចំនួន៦នាក់៕