(រតនគិរី)៖ លោក ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានស្នើដល់ពាណិជ្ជករ អាជីវករ គួរចាប់ដៃជាមួយកសិករ និងសិប្បករ ដើម្បីបង្កើនការផលិត វេចខ្ចប់ និងកែច្នៃផលិតផលខ្មែរ ឱ្យបានច្រើនសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងអាចនាំចេញទៅទីផ្សារអន្តរជាតិ។
ការលើកឡើងរបស់មន្រ្តីជាន់ខ្ពស់រូបនេះ បានធ្វើឡើងក្នុងពិធីសម្ពោធពិព័រណ៌ផលិតផលខ្មែរ នាឱកាសយុទ្ធនាការទិញផលិតផលខ្មែររដូវកាលទី៥ ឆ្នាំ២០២០ ដែលមន្ទីរពាណិជ្ជកម្មខេត្តរតនគិរី សហការជាមួយរដ្ឋបាលខេត្ត ប្រារព្ធរៀបចំឡើងនាទីក្រុងបានលុង នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។ នៅក្នុងកម្មវិធីនេះ ក៏មានការចូលរួមពីលោក គិត ទ្រី អភិបាលស្តីទីខេត្តរតនគិរី ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ផងដែរ។
លោកអភិបាលខេត្តស្តីទី បានចាត់ទុកពិព័រណ៌ផលិតផលខ្មែរ ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការផ្សព្វផ្សាយ និងការប្រើប្រាស់ផលិតផលក្នុងស្រុកឲ្យកាន់តទូលំទូលាយ។
លោកក៏បានស្នើដល់ប្រជាពលរដ្ឋ ពាណិជ្ជករ អាជីវករ និងភ្ញៀវទេសចរចូលរួមចំណែកក្នុងការលើកស្ទួយផលិតផល និងកសិផលខ្មែរ ហើយកសិករ សិប្បករ ជាអ្នកផលិតត្រូវរៀបចំផលិតផល របស់ខ្លួនប្រកបដោយអនាម័យ មានគុណភាព មានការវេចខ្ចប់ត្រឹមត្រូវតាមស្តង់ដារ មានអត្តសញ្ញាណច្បាស់លាស់ ចៀសវាងការយកផលិតផលបរទេសមកកែច្នៃ ឬបន្លំធ្វើជារបស់ខ្លួន ដែលនាំឲ្យប៉ះពាល់ដល់ផលិតផលដើម។ តាមរយៈពិព័រណ៌នេះដែរ លោកអភិបាលខេត្តស្តីទី មានជំនឿយ៉ាងមុតមាំថា ប្រជាពលរដ្ឋក្នុងខេត្តរតនគិរី និងភ្ញៀវទេសចរ ពិតជានឹងចូលរួម ក្នុងការប្រើប្រាស់ផលិផលខ្មែរអោយយ៉ាងច្រើនកុះករជាក់ជាមិនខាន ។
រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក ឈួន ដារ៉ា បានបញ្ជាក់ថា «ការតាំងពិព័រណ៌ផលិតផលខ្មែរនាពេលនេះ គឺជាលើកទី៥ហើយ ដែលក្រសួង បានរៀបចំធ្វើឡើង ដើម្បីជំរុញការប្រើប្រាស់ ផលិតផលក្នុងស្រុក។ កន្លងមកប្រជាពលរដ្ឋខ្មែរមួយចំនួន តែងតែយល់ថា ដំណាំឬផលិតផលកែច្នៃមួយចំនួន គឺនាំចូលពីបរទេស ខ្មែរមិនអាចធ្វើបាន ដែលនេះធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ទៅដល់ផលិតផល និងកសិផលរបស់ប្រជាពលរដ្ឋខ្មែរ»។
លោករដ្ឋលេខាធិការរូបនេះ បានបញ្ជាក់បន្ថែមថា ការរៀបចំពិព័រណ៌នៅពេលនេះ ពិតបានបង្ហាញយ៉ាងច្បាស់ថា ប្រជាកសិករ និងសិប្បករខ្មែរ ពិតជាមានការផ្គត់ផ្គង់ទីផ្សារនូវផលិតផលខ្មែរ ដ៏មានគុណភាព មានការវេចខ្ចប់ត្រឹមត្រូវតាមស្តង់ដារអនាម័យ។
ជាមួយគ្នានេះលោក ឈួន ដារ៉ា បានសង្កត់ធ្ងន់ថា ក្រសួងពាណិជ្ជកម្ម គឺជាអ្នកបើកច្រកទីផ្សារសម្រាប់ផលិតផលខ្មែរមែន តែសុំឲ្យពាណិជ្ជករ និងសិប្បករ ត្រូវចេះកែច្នៃផលិតផលខ្លួន ឱ្យមានលក្ខណ:ត្រឹមត្រូវតាមបទដ្ឋានស្តង់ដារសុវត្ថិភាពសម្រាប់ការនាំចេញទៅក្រៅប្រទេស។
សូមបញ្ជាក់ថា ពិព័រណ៌ផលិតផលខ្មែរ នាឱកាសយុទ្ធនាការទិញផលិតផលខ្មែរ រដូវកាលទី៥ ឆ្នាំ២០២០នេះ មានការចូលរួមពីបណ្តាខេត្តមួយចំនួនដូចជា ខេត្តស្ទឹងត្រែង, ខេត្តកណ្តាល, ខេត្តប៉ៃលិន, ខេត្តត្បូងឃ្មុំ និងខេត្តក្រចេះជាដើម ហើយប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ (៧-៩ វិច្ឆិកា) តាមបណ្តោយផ្លូវមហាវិថី នាយឧត្តមសេនីយ៍ ព្រឹទ្ធាចារ្យ ប៊ូ ថង ជាប់និងសួនកុមារ ជិតសាលាបឋមសិក្សា ប៊ូ ថង ទេសអន្លង់ស្ថិតក្នុងភូមិទេសអន្លង់ សង្កាត់បឹងកន្សែង ក្រុងបានលុង ដែលមានស្តង់ លក់ដូរចំនួន៥១ស្តង់៕