Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានគណបក្សយុវជន ចេញទៅស្វែងរកប្រជាប្រិយភាពពីពលករខ្មែរ នៅប្រទេសម៉ាឡេស៊ី

08-02-2016 16:11

(ភ្នំពេញ)៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា នឹងចាកចេញពីប្រទេសកម្ពុជា នៅម៉ោង៥៖៣០នាទីល្ងាច ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ដើម្បីជួបសំណេះសំណាលជាមួយពលករខ្មែរ១៥០នាក់ នៅប្រទេសម៉ាឡេស៊ី។

លោក ពេជ្រ ស្រស់ បានឱ្យដឹងថា ក្នុងបេសកកម្មលើកដំបូង ក្នុងនាមជាប្រធានគណបក្សយុវជននេះ លោកនឹងជួបពលករ១៥០នាក់ នៅម៉ោង១០៖០០ព្រឹក ថ្ងៃទី០៩ ខែកុម្ភៈ ស្អែកនេះ។

លោកបានលើកឡើង នៅលើបណ្តាញសង្គម Facebook ថា «ខ្ញុំបាទ ពេជ្រ ស្រស់ មានចិត្តរីករាយយ៉ាងក្រៃលែង ព្រោះថាជិតបានទៅជូបបងប្អូនពលករនៅប្រទេសម៉ាឡេស៊ីហើយ។ បងប្អូនពលករគ្រប់ប្រទេស ជាចំណែកនៃក្តីសង្ឃឹម របស់គណបក្សយុវជនកម្ពុជាយើង»

គណបក្សយុវជន ទើបនឹងទទួលបានការចុះបញ្ជីជាផ្លូវការ កាលពីដើមខែកុម្ភៈ ថ្មីៗនេះ។ រចនាសម្ព័ន្ធនៅក្នុងបក្សនេះ ភាគច្រើនជាយុវជន។ អនុប្រធានទី១ និងទី២ គឺជាអតីតសកម្មជនរបស់គណបក្សសង្រ្គោះជាតិ ហើយបើអគ្គលេខាធិការវិញ គឺជាអតីតសកម្មជនមកពីគណបក្សហ៊្វុនស៊ិនប៉ិច។ នៅពេលដែល លោក ពេជ្រ ស្រស់ ចាកចេញទៅក្រៅប្រទេសនោះ ប្រធានស្តីទីគណបក្សយុវជន បានធ្លាក់ទៅលើ លោក អ៊ុន វិសិដ្ឋគុន ដែលជាអនុប្រធានទី១៕