(ភ្នំពេញ)៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
អមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន នៅក្នុងកិច្ចប្រជុំ រួមមាន លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្ដីក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងលោក សាយ សំអាល់ រដ្ឋមន្រ្ដីក្រសួងបរិស្ថាន ព្រមទាំងមន្រី្តជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាមួយចំនួនផងដែរ។
លោកឧបនាយករដ្ឋមន្រី្ត នឹងធ្វើបទអន្តរាគមន៍ក្នុងកិច្ចប្រជុំដូចខាងក្រោម៖
* ប្រជុំកំពូលអាស៊ានលើកទី៣៧
* កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៣
* កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៣
* កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២១
* កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី៨
* កិច្ចប្រជុំកំពូលថ្នាក់ដឹកនាំអាស៊ាន-នូវ៉ែលហ្សេឡង់
* កិច្ចប្រជុំកំពូលថ្នាក់ដឹកនាំអាស៊ាន-អូស្រ្ដាលី
* កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៣
* កិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១៥
* កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ លើកទី១១
* កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី១៧ និង
* កិច្ចប្រជុំកំពូលស្ដីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) លើកទី៤។
លោកឧបនាយករដ្ឋមន្ត្រី ក៏នឹងចូលរួមផងដែរក្នុងកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំស្រ្ដី អាស៊ាន ដែលក្នុងឱកាសនោះ វេជ្ជបណ្ឌិត អ៉ឹង កន្ថាផាវី នឹងថ្លែងសុន្ទរកថាស្តីពី «តួនាទីរបស់ស្រ្តីក្នុងការកសាងសហគមន៍អាស៊ានដែលស្អិតរមួត ស្វាហាប់ ប្រកបដោយចីរភាព និងបរិយាប័ន្ន នៅក្នុងពិភពលោកក្រោយវិបត្តិកូវីដ-១៩» កិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១២ កិច្ចប្រជុំកំពូលមេគង្គ-សាធារណរដ្ឋកូរ៉េលើកទី២ និងកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ានបូកបីជាមួយតំណាងក្រុមប្រឹក្សាធុរកិច្ចអាស៉ីខាងកើត ដែលនឹងប្រព្រឹត្តទៅស្របពេលជាមួយនឹងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧។
នៅមុនកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧ លោកស្រី អ៊ាត សោភា រដ្ឋលេខាធិការ និងជាឧត្តមមន្រ្តីអាស៊ានរបស់កម្ពុជា តាងនាមលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងចូលរួមជាតំណាងកម្ពុជាក្នុងកិច្ចប្រជុំរដ្ឋមន្រ្ដីការបរទេសអាស៊ាន កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សន្តិសុខ-នយោបាយអាស៊ានលើកទី២២ និងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី២៨ តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។
សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានសម្តែងនូវការសោកស្តាយយ៉ាងជ្រាលជ្រៅដល់សមភាគីទាំងអស់ ចំពោះអវត្តមានក្នុងព្រឹត្តិការណ៍ដ៏សំខាន់ទាំងនេះ ដោយសារកំពុងស្ថិតក្នុងការដាក់ខ្លួននៅដាច់ដោយឡែកពីគេរយៈពេល១៤ថ្ងៃ តាមការកំណត់ជាកំហិតនៃបទបញ្ញតិ្តជាតិស្តីពីសុវត្ថិភាពសុខភាពប្រឆាំងជំងឺកូវីដ-១៩៕