(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីករណីរកឃើញវិជ្ជមានវីរុសកូវីដ១៩ ថ្មី ចំនួន២នាក់ លើបុរសជនជាតិឥណ្ឌា និងបុរសជនជាប៉ាគីស្ថាន ដែលទើបចូលមកកម្ពុជា។
បុរសជនជាតិឥណ្ឌា និងប៉ាគីស្ថានទាំង២នាក់នេះ បានធ្វើដំណើរមកពីប្រទេសឥណ្ឌា ដោយឆ្លងកាត់ប្រទេសអារ៉ាប់ប៊ីសាអូឌីត និងបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០។ លទ្ធផលធ្វើតេស្តសំណាក់របស់ពួកគេ វិជ្ជមានវីរុសកូវីដ១៩ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យ សម្រាប់ព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ដោយឡែកសម្រាប់ អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ សរុបចំនួន១០៧នាក់ (គិតទាំងអ្នកទាំង២នាក់ដែលមានកូវីដ១៩) ត្រូវបានធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ។
នៅថ្ងៃនេះផងដែរ ក្រសួងសុខាភិបាលក៏បានប្រកាស ពីករណីព្យាបាលជាសះស្បើយ អ្នកជំងឺកូវីដ១៩ ចំនួន២នាក់ផងដែរ ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
អ្នកទាំង២នាក់ គឺជាស្ត្រីជាតិខ្មែរ អាយុ៣២ឆ្នាំ មានអាសយដ្ឋាននៅភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ធ្វើដំណើរមកពីប្រទេសអ៉ីរ៉ាក់ បន្តជើងហោះហើរទីក្រុងដូហា និងប្រទេសកូរ៉េខាងត្បូង បានមកដល់កម្ពុជា នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ និងបុរសជនជាតិខ្មែរ អាយុ២៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅស្រុកបាកាន ខេត្តពោធិ៍សាត់ ជាអ្នកដំណើរមកពីប្រទេសជប៉ុន បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០។
ដោយឡែកសម្រាប់អ្នកប៉ះពាល់ជាមួយរដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ ចំនួន៤៩នាក់ថែមទៀត ត្រូវបានធ្វើតេស្ត តែលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺអវិជ្ជមានទាំងអស់។
សរុបចំនួនអ្នកប៉ះពាល់ទាំងអស់មានចំនួន ៨៨៩នាក់ សម្រាប់ថ្ងៃទី០៤, ០៥ និង ០៦ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលមានលទ្ធផលអវិជ្ជមានកូវីដ១៩ទាំងអស់។ ទោះជាយ៉ាងនេះក្តី ក្រសួងសុខាភិបាល សូមធ្វើការក្រើនរំលឹកជូនដល់អ្នកប៉ះពាល់ទាំងអស់ ដែលមានលទ្ធផលតេស្តលើកទី១ អវិជ្ជមានវីរុសកូវីដ១៩ ត្រូវបន្តធ្វើចត្តាឡីស័កនៅតាមគេហដ្ឋានឲ្យបានត្រឹមត្រូវ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយសូមត្រឡប់មកធ្វើតេស្តវិញ ចំនួន៣ដងទៀត នៅវិមានមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី ដែលមានរៀបចំទីតាំងយកវត្ថុសំណាកសម្រាប់ធ្វើតេស្តរកកូវីដ១៩ ចាប់ពីម៉ោង៧ព្រឹក ទៅតាមការបរិច្ឆេទដូចខាងក្រោម៖
* លើកទី២ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០
* លើកទី៣ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០
* លើកទី៤ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០
សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅកម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន២៩៤នាក់ ក្នុងនោះអ្នកជាសះស្បើយ២៨៨នាក់ និងអ្នកកំពុងព្យាបាល នៅមន្ទីរពេទ្យចំនួន៦នាក់៕