(ភ្នំពេញ)៖ នៅថ្ងៃសុក្រ ៦រោច ខែកត្តិក ឆ្នាំកុរ ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានទូលថ្វាយសារលិខិតអបអរសាទរ និងថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសដែលព្រះអង្គបានទទួលនូវដង្វាយ គ្រឿងឥស្សរិយយស «មិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន» ពីលោកប្រធានាធិបតី ស៊ី ជិនពីង។

ក្នុងសារលិខិតអបអរនេះ មានខ្លឹមសារថា «ជាបឋម ខ្ញុំម្ចាស់ និងសមាជិក សមាជិកាគណៈកម្មាធិការកណ្តាល ព្រមទាំង សហការី គ្រប់លំដាប់ថ្នាក់ នៃកាកបាទក្រហមកម្ពុជាទាំងអស់ សូមព្រះបរមរាជានុញ្ញាតលំឱនកាយ ថ្វាយនូវសមានចិត្តរំភើបដោយសេចក្តី សោមនស្សរីករាយជាអតិបរមា ចំពោះ សម្តេចម៉ែជាអម្ចាស់ជីវិត ខណៈដែល ឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ថ្វាយគ្រឿងឥស្សរិយយស «មិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន» ដែលជាគ្រឿងឥស្សរិយយសដ៏ខ្ពង់ខ្ពស់បំផុត សម្រាប់ថ្នាក់ដឹកនាំបរទេស ថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រារព្ធឡើង នៅវិមានប្រជាជន នៃសាធារណរដ្ឋប្រជាមានិតចិន»

ក្នុងអភិសម័យថ្លៃថ្លាឧត្តុង្គឧត្តមបរមរាជវរោកាសដ៏មហាខ្ពង់ខ្ពស់ ដែល សម្តេចម៉ែ ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ទ្រង់ស្តេចទទួលទានដង្វាយអភិរម្យពី ឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ជាថ្មីទៀត «ខ្ញុំម្ចាស់ និងសហការីនៃកាកបាទក្រហមកម្ពុជាទាំងអស់ សូមលំឱនកាយវាចាចិត្តប្រណិប័តន៍ ថ្វាយព្រះសព្ទសាធុការពរ បវរសួស្តី សិរីវឌ្ឍនា ជយាតិរេកអនេកប្បការ សូមសម្បូងសង្រូងដល់គុណបុណ្យបារមី ព្រះរតនត្រ័យ កែវទាំងបី បន្តអភិបាលគ្រងរក្សា សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ទ្រង់ស្តេចព្រះប្រកបដោយព្រះពុទ្ធពរ ទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»។

សារលិខិតអបអរនេះ «សូម ហ្លួងម៉ែ ជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ប្រោសព្រះរាជមេត្តាទទួលនូវអភិវន្ទកិច្ច និងកតញ្ញូកតវេទិតាដ៏ខ្ពង់ខ្ពស់បំផុតអំពីខ្ញុំម្ចាស់»។

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃសារលិខិតថ្វាយព្រះពរ របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទូលថ្លែងអំណរព្រះរាជគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ៖