(ព្រះសីហនុ)៖ ករណីលិចអូរប័រ នៅតាមផ្លូវឆ្ពោះទៅកាន់កោះរ៉ុងសន្លឹម ខេត្តព្រះសីហនុ នាព្រឹកមិញ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ ជួន ណារិន្ទ បានបញ្ជាក់ឡើងវិញថា ជនរងគ្រោះ៦នាក់ ជាជនជាតិវៀតណាម មិនមែនជនជាតិចិននោះទេ ក្រោយពិនិត្យលើលិខិតឆ្លងដែនរួចមក។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា «យើងសូមអាធ្យាស្រ័យ ក្រោយពិនិត្យ Passport រួចមកឃើញថា ជនរងគ្រោះបរទេសទាំង៦នាក់នោះ ជាជនជាតិវៀតណាមទេ មិនមែនដូចជនជាតិចិនដីគោកនោះឡើយ»។
សូមបញ្ជាក់ថា នៅវេលាម៉ោង៨៖៣០នាទី ព្រឹកថ្ងៃទី៨ ខែកុម្ភ: ឆ្នាំ២០១៦នេះ មានទូកដឹកភ្ញៀវទេសចរណ៍ក្រុមហ៊ុន TBC បានដឹកភ្ញៀវទេសចរណ៍ចំនួន៦នាក់ ជាជនជាតិវៀតណាម (ស្រី៤នាក់ក្នុងនោះក្មេង២នាក់) រួមទាំងតៃកុងទូក២នាក់ ជនជាតិខ្មែរ សរុបនៅលេីទូកទាំងអស់៨នាក់ បានចេញដំណេីរពីកោះរ៉ុង ទៅកោះរ៉ុងសន្លឹម ពេលទៅដល់ចំណុចឃ្លងធំ(អៅយៃ) វេលាម៉ោង៩៖៣០នាទី ក៏ប៉ះរលកធំៗធ្វេីឲ្យទូកបែក និងលិច។
ប៉ុន្តែភ្លាមៗនោះ តៃកុងទូកបានទំនាក់ទំនងមកថៅកែទូក និងសមត្ថកិច្ច ពេលនោះមានទូកដឹកបន្លែ ឆ្លងកាត់ទីនោះជួយ សង្គ្រោះទាន់ពេលមុនទូកសមត្ថកិច្ចទៅដល់ ហេីយជនរងគ្រោះទាំង៨នាក់នោះ ត្រូវបានបញ្ជូនមកឡេីងនៅផែទំនប់រលក ក្នុងសង្កាត់១ ក្រុងព្រះសីហនុ។
លោកឧត្តមសេនីយ៍ស្នងការ ជួន ណារិន្ទ បានអំពាវនាវដល់ម្ចាស់ទូក និងអូរប័រទាំងអស់មេត្តាកុំចេញទៅសមុទ្រឲ្យសោះ គឺត្រូវស្តាប់សមត្ថកិច្ច ហើយមិនត្រូវលួចចេញនោះទេ ជាហេតុនាំឲ្យមានគ្រោះថ្នាក់ ពីព្រោះអាកាសធាតុមិនទាន់ថមថយនៅឡើយ ពោល មានខ្យល់បក់ខ្លាំង និងរលកធំៗ។