(ភ្នំពេញ)៖ ភាពយន្តឯកសារប្រវត្តិសាស្រ្ត «កម្ពុជា៖ បន្ទាត់ឆ្នាំ១៩៩៨» ត្រូវបានដាក់សម្ពោធនៅវេលាម៉ោង៧យប់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ យ៉ាងអធិកអធម។

ភាពយន្តឯកសារប្រវត្តិសាស្រ្តនេះ គឺជាគម្រោងផ្តួចផ្តើមឡើងដោយ មូលនិធិម៉ានី (The Many Foundation) ដោយមានការសហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា និងអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន ក្នុងគោលបំណងបញ្ជ្រាបនូវចំណេះដឹងពាក់ព័ន្ធនឹងនយោបាយ ឈ្នះ-ឈ្នះ បន្ថែមដល់សាធារណជន និងឆ្លុះបញ្ចាំងពីភាពជាក់ស្តែងនៃការអនុវត្ត និងឥទ្ធិពលនៃនយោបាយឈ្នះ-ឈ្នះ មកលើសង្គមកម្ពុជានាពេលបច្ចុប្បន្ន និងពេលអនាគត។

តួអង្គដែលបានរំលេចសុទ្ធសឹងតែជាឥស្សរជនជាន់ខ្ពស់របស់កម្ពុជា ក្នុងនោះរួមមាន៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, និងលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍៕