(កំពង់ចាម)៖ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ជំនាញការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងកាដ្ឋាននគរបាលខេត្តកំពង់ចាម សហការជាមួយជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃឈរ អាជ្ញាធរមូលដ្ឋានឃុំបារាយណ៍ ឃុំថ្មពូន និងកម្លាំងប្រជាការពារ បានធ្វើការចុះបង្ក្រាបបទល្មើស នេសាទខុសច្បាប់ (លូស្បៃមុង) នៅចំណុចអាងទឹកអណ្ដូងអាង ស្ថិតនៅភូមិគោកស្រឡៅ ឃុំបារាយណ៍ ស្រុកព្រៃឈរ។
ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានឲ្យដឹងថា ជាលទ្ធផលបង្ក្រាប បានរួមមាន លូស្បៃមុងចំនួន២៤មាត់, របាំងសាច់រត់ចំនួន៧៦០ម៉ែត្រ និងចម្រឹងបង្គោលឫស្សីចំនួន២២៨ដើម។
លោកបានបញ្ជាក់ទៀតថា ចំពោះវត្ថុតាងដែលរឹបអូសបានខាងលើ កម្លាំងសមត្ថកិច្ចជំនាញ បានធ្វើការកាប់បំផ្លាញ និងដុតចោលនៅកន្លែង ដោយមានការឯកភាពពីលោក វង្សប៊ុន វិសុទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម៕