(ត្បូងឃ្មុំ)៖ ដើម្បីពង្រឹងសមត្ថភាពមន្រ្តី ក្នុងការឆ្លើយតបលើប្រសិទ្ធភាពការងារមនុស្សធម៌ សាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ បានបើកវគ្គផ្សព្វផ្សាយអំពីប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហមអន្តរជាតិ និងការសិក្សាស្វែងយល់ពីគ្រោះមហន្តរាយ ដល់មេឃុំ ចៅសង្កាត់ សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ មកពីក្រុងសួង និងស្រុកត្បូងឃ្មុំ និងអ្នកពាក់ព័ន្ធ នៅអនុសាខាកាបាទក្រហមកម្ពុជាស្រុកត្បូងឃ្មុំ។
វគ្គផ្សព្វផ្សាយនេះ ធ្វើឡើងនៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រោមវត្តមាន លោក វង វ៉ាន់នី នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ និងលោក សេង សុខខឿន ប្រធានអនុសាខាកាបាទក្រហមកម្ពុជាស្រុក និងជាអភិបាលស្រុកត្បូងឃ្មុំ។
ថ្លែងលើកឡើងនាឱកាសនោះ លោក វង វ៉ាន់នី បានឲ្យដឹងថា វគ្គផ្សព្វផ្សាយនាពេលនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីឲ្យមន្ត្រីជាអាណាព្យាបាលពលរដ្ឋ នៅតាមមូលដ្ឋានមកពីក្រុងសួង និងស្រុកត្បូងឃ្មុំ បានស្វែងយល់ឲ្យកាន់តែស៊ីជម្រៅថែមទៀត អំពីប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហមអន្តរជាតិ និងការសិក្សាស្វែងយល់ពីគ្រោះមហន្តរាយ ពីរចនាសម្ព័ន្ធ តួនាទី ភារកិច្ចរបស់កាកបាទក្រហមកម្ពុជា ក្នុងការបំពេញបេសកកម្មមនុស្សធម៌ជួយជនរងគ្រោះ និងការលើកកម្ពស់ការផ្តល់ព័ត៌មាន ការរាយការណ៍ តាមខ្សែបណ្តោយ ដើម្បីធ្វើការឆ្លើយតបចំពោះគ្រោះមហន្តរាយឲ្យបានទាន់ពេលវេលា។
លោក វង វ៉ាន់នី បានជំរុញឲ្យមនន្ត្រីដែលចូលរួមវគ្គនេះទាំងអស់ យកចិត្តទុកដាក់ស្តាប់ និងតាមដានរាល់ចំណុចសំខាន់ៗ មេរៀនដែលក្រុមមន្ត្រីប្រតិបត្តិ សាខាកាកបាទក្រហមខេត្ត ដែលធ្វើការបកស្រាយជូន ដើម្បីបង្កើននូវចំណេះដឹង ទុកជាទុនដ៏មុតស្រួចយកទៅអនុវត្តនៅតាមមូលដ្ឋាន ធ្វើយ៉ាងណាឲ្យកម្លាំងមនុស្សធម៌ ក្នុងខេត្តត្បូងឃ្មុំ កាន់តែមានសកម្មភាពផុសផុលទ្វេឡើង សំដៅឆ្លើយតបអោយបានទាន់ពេលវេលា នូវតម្រូវការចាំបាច់ជូនជនងាយរងគ្រោះទាំងអស់នៅទូទាំងខេត្ត។
ជាមួយគ្នានោះដែរ លោក សេង សុខខឿន ប្រធានអនុសាខាកាបាទក្រហមកម្ពុជាស្រុកត្បូងឃ្មុំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សាខាកាកបាទក្រហមខេត្ត ដែលបានបើកវគ្គផ្សព្វផ្សាយនេះឡើង ដែលជាការជួយពង្រឹងបន្ថែមនូវសមត្ថភាពមន្រ្តី ដើម្បីប្រសិទ្ធភាពការងារ មនុស្សធម៌នៅតាមមូលដ្ឋាន ក៏ដូចជាសំណូមពរឲ្យមន្ត្រីទាំងអស់ ត្រូវនៅកៀកជាប់ជាមួយពលរដ្ឋ ពង្រឹងសកម្មភាពមនុស្សធម៌ ឲ្យកាន់តែល្អបន្ថែមទៀត។
បន្ថែមពីនេះ ត្រូវក្តាប់ឲ្យជាប់នូវតម្រូវការពលរដ្ឋ ពិសេសរាល់គ្រោះមន្តរាយនានា ដើម្បីនាំយកអំណោយទៅផ្តល់ជូនឲ្យបានទាន់ពេលវេលា ដល់ជនងាយរងគ្រោះទាំងអស់ ស្របទៅនឹងពាក្យស្លោកកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានតែងតែលើកឡើងនោះគឺ «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង គ្រប់ពេលវេលា សម្រាប់គ្រប់ៗគ្នា»៕