(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ បានចេញលិខិតមួយច្បាប់ គោរពជូនដល់ថ្នាក់ដឹកនាំគ្រប់ក្រសួងស្ថាប័ន ពីការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការជ្រើសរើសមន្ត្រីរាជការស៊ីវិល ក្របខណ្ឌថ្មីជាង៦ពាន់នាក់ ឲ្យចូលបម្រើការងារក្នុងក្រសួង-ស្ថាប័ន សម្រាប់ឆ្នាំ២០២១។ នេះបើតាមលិខិតរបស់លោក ព្រុំ សុខា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។
ក្រសួងសាធារណៈបានបញ្ជាក់ថា ការជ្រើសរើសក្របខណ្ឌថ្មី ២០២១ គ្រប់ក្រសួងស្ថាប័ន ត្រូវអនុវត្តផ្អែកត្រឹមចំនួនផែនការ ក្នុងឆ្នាំ២០២០ ដែលបានផ្អាកកន្លងមកតែប៉ុណ្ណោះ លើកលែងក្រសួងស្ថាប័នចំនួន ៣ គឺក្រសួងរៀបចំដែនដី ក្រសួងការបរទេស និងរាជបណ្ឌិតសភាកម្ពុជា នៃទីស្តីការគណៈរដ្ឋមន្ត្រី ដែលបានជ្រើសរើសរួចហើយ។
ក្រសួងបន្តថា សម្រាប់ការប្រឡងជ្រើសរើស និងការអនុវត្តកម្មសិក្សា អាចចាប់ផ្តើមពីខែមករា ឆ្នាំ២០២១ តទៅ ដោយត្រូវអនុវត្តខ្ជាប់ខ្ជួនតាមការណែនាំ វេជ្ជសាស្ត្ររបស់ក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។
ដោយឡែកសម្រាប់ការបែងចែកមន្ត្រីជាប់កិច្ចសន្យា ឆ្មាំទំនប់ប្រព័ន្ធធារាសាស្ត្រជាប់កិច្ចសន្យា គ្រូបង្រៀនពុទ្ធិកជាប់កិច្ចសន្យា គ្រូបង្រៀនជាប់កិច្ចសន្យា គ្រូបង្រៀនពីថ្នាក់ពីរពេល និងថ្នាក់គួបគ្រប់កម្រិត គ្រូបង្រៀនជាប់កិច្ចសន្យាអប់រំក្រៅប្រព័ន្ធ និងគ្រូបង្រៀនជាប់កិច្ចសន្យាខ្មែរ-ឥស្លាម ក្រសួងមុខងារសាធារណៈ នឹងផ្តល់ជូននៅពេលក្រោយ បន្ទាប់ពីការពិគ្រោះយោបល់ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ៕
ព័ត៌មានលម្អិតសូមអានលិខិត របស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈដូចខាងក្រោម៖