(មណ្ឌលគិរី)៖ ស្នងការនគរបាលខេត្តមណ្ឌលគិរី លោកឧត្តមសេនីយ៍ តូច យ៉ុន នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានដឹកនាំកម្លាំងនគរបាលជាច្រើននាក់ ចុះល្បាត និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ នៅក្រុងសែនមនោរម្យ នាឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម ដើម្បីឲ្យសប្បាយរីករាយកាន់តែខ្លាំងឡើង។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា «មិនត្រឹមតែកម្លាំងរបស់យើង ឈរជើងការពារនៅទីរួមខេត្តនោះទេ ប៉ុន្តែនៅតាមបណ្តាស្រុក កម្លាំងនគរបាលទាំងអស់បានយាមប្រចាំការយ៉ាងយកចិត្តទុកដាក់ និងតឹងរឹងបំផុត ជាពិសេសនោះកន្លែងកំសាន្តនានា នៅក្នុងខេត្ត ដែលបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ មកពីរាជធានីភ្នំពេញ និងតាមខេត្តនានាមកដើរលេង នៅខេត្តមណ្ឌលគិរីរបស់យើង»។
លោកស្នងការក៏បានដាក់កម្លាំងឲ្យបន្តយាមកាម នៅតាមទីប្រជុំជន និងផ្សារជាពិសេសកន្លែងរកសីុធំៗ ដើម្បីទប់ស្កាត់រាល់បទល្មើស ដូចជាប្លន់ ជាដើម ដែលអាចកើតឡើងជាយថាហេតុ ហើយបញ្ហាមួយទៀតនោះគឺ ការបង្ការ និងទប់ស្កាត់គ្រោះអគ្គិភ័យ ដែលអាចកើតមានឡើងផងដែរ បណ្តាលមកអុជធូប និងសែនកុងម៉ា។
យ៉ាងណាក៏ដោយ តាមការបញ្ជាក់របស់លោកស្នងការ តាំងពីយប់រហូតមកដល់រសៀល វេលាម៉ោងប្រមាណ១៖៣០នាទីនេះ នៅខេត្តមណ្ឌលគិរី មិនទាន់មានរឿងអ្វីកើតឡើងធ្ងន់ធ្ងរនៅឡើយទេ ជាពិសេសបទល្មើសតែម្តង៕