(ភ្នំពេញ)៖ អភិបាលខណ្ឌចំការមន បានត្រៀមរួចជាស្រេចនូវកងកម្លាំងមានសមត្ថកិច្ច និងកម្លាំងរដ្ឋបាលទូទាំងខណ្ឌ សម្រាប់ការការពារ រក្សាសន្តិសុខ សុវត្ថិភាព ក្នុងព្រះរាជពិធី បុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខាងមុខនេះ។
អភិបាលខណ្ឌចំការមន បានជំរុញផែនការការពារសន្តិសុខ សុវត្ថិភាពក្នុងរាជធានីនេះ នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌចំការមន ដែលកិច្ចប្រជុំមានការចូលរួមពីកងកម្លាំងប៉ូលីស និងអាវុធហត្ថចូលរួមផងដែរ។
លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានថ្លែងនៅក្នុងកិច្ចប្រជុំ ដោយលើកឡើងថា បញ្ហាសន្តិសុខ សុវត្ថិភាពនៅរាជធានីភ្នំពេញ ត្រូវបានរដ្ឋបាលខណ្ឌគិតគូរ និងវាយតម្លៃរួចហើយ គឺមិនមានអ្វីកើតឡើងនោះទេ។ ប៉ុន្តែទោះជាយ៉ាងណាក្តី ក្នុងនាមរដ្ឋបាលខណ្ឌនៅតែត្រៀមកម្លាំងក្នុងការ បង្ការទប់ស្កាត់ ចំពោះឧបាយកលរបស់ជនអគតិមួយចំនួន ដែលត្រូវគេដឹងថា តែងឆ្លៀតឪកាស បង្កចលាចល ក្នុងពេលរាជធានី មានពិធីបុណ្យជាតិនានា។
ក្នុងកិច្ចប្រជុំខាងលើ លោក ថេង សុថុលក៏បានជំរុញឲ្យអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ចទាំងអស់ត្រូវចុះធ្វើការស្រាវជ្រាវ និងមានវិធានការបង្ក្រាបគ្រឿងញៀន និងទីតាំងល្បែងស៊ីសង គ្រប់ប្រភេទទាំងល្បែងឡូតូ និងឆ្នោតវៀតណាម ជាដើម ដើម្បីធ្វើយ៉ាងរក្សាបាននូវសន្តិសុខល្អជូនប្រជាពលរដ្ឋបន្ថែមទៀត។
លោកអភិបាលខណ្ឌក៏បានជំរុញឲ្យអាជ្ញាធរ ធ្វើការដាក់គោលដៅឆែកឆេរអាវុធ នៅតាមទីតាំងផ្លូវដែលពាក់ព័ន្ធនៅជាប់ទីតាំងប្រារព្ធពិធីនិងរៀបចំពិនិត្យទីតាំងសំរាប់ភ្ញៀវជាតិ និងអន្តរជាតិ កុំអោយមានការកកស្ទះនេះផងដែរ ដើម្បីធ្វើយ៉ាងណាឲ្យព្រះរាជពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ដំណើរការទៅដោយរលូន និងទទួលបាននូវភាពជោគជ័យ៕