(រតនគិរី)៖ ទំនាស់រឿងទារភាស៊ីនៅផ្សារបានលុង (បរិវេណខាងក្រៅផ្សារ) រវាងក្រុមហ៊ុន ហេងដារា របស់ឧកញ៉ា សា លាង ជាមួយនិងឈ្មោះ ជា គួង ដែលគេដឹងថា មានមន្ត្រីថ្នាក់ខេត្ត និងថ្នាក់ក្រុងបានលុង នៅពីក្រោយខ្នងព្រោះតែប្រយោជន៍ ដែលអូសបន្លាយពេលវេលាមួយឆ្នាំមកហើយនោះ ត្រូវបានរាជរដ្ឋាភិបាលចេញ ស.ជ.ណ បញ្ចប់ ទាំងស្រុងហើយបន្ទាប់ពីក្រុមហ៊ុន ហេង ដារា ដាក់ពាក្យបណ្ដឹងទាមទារយុត្តិធម៌ជាបន្តបន្ទាប់ ហើយក្រសួងអធិការកិច្ចចុះស្រាវជ្រាវ និងធ្វើរបាយការណ៏រាយការណ៏ជូនប្រមុខរាជរដ្ឋាភិបាលសម្រេចរួចមកតែ ស.ជ.ណ របស់រាជរដ្ឋាភិបាល អាជ្ញាធរខេត្ត មិនរួសរាន់អនុវត្តឲ្យមានប្រសិទ្ធិភាពនោះទេ បែរជាចេញ ស.ជ.ណ ខ្លួនឯងចាត់ទុកទំនាស់មិនទាន់បញ្ចប់ និងទាមទារឲ្យក្រុមហ៊ុន ហេង ដារា ផ្អាកសកម្មភាពផ្ទុយនឹង ស.ជ.ណ របស់រាជរដ្ឋាភិបាលទៅវិញ។
សូមបញ្ជាក់ថា ក្រុមហ៊ុន ហេង ដារា បានទទួលសិទ្ធិវិនិយោគទារភាស៊ី និងផ្ញើកង់ ម៉ូតូរថយន្តនៅក្នុងផ្សារ និងក្រៅបរិវេណផ្សារបានលុង ក្នុងបរិវេណដី២០០ម៉ែត្រគុណ២០០ម៉ែត្រ ពីរាជរដ្ឋាភិបាលតាំងពីឆ្នាំ២០០៨មកម្ល៉េះ តែក្រោយមកគឺនៅឆ្នាំ២០១១ ត្រូវបានគេឃុបឃិតគ្នាបំពានយក ដីទីធ្លាខាងមុខផ្សារ ទៅលក់ឲ្យក្រុមហ៊ុនផ្សេងមួយ ទៀតក្រោមរូបភាពវិនិយោគដោះដូរ ដើម្បីសាងសង់ផ្ទះល្វែង ខណៈដែលដីទីធ្លានោះកំពុង ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន ហេងដារា ក្នុងការប្រមូលភាស៊ី។
ក្រោយមន្ត្រី និងឈ្មួញផ្សេងរំលោភយកដីមុខផ្សារនោះ ភាគីក្រុមហ៊ុន ហេង ដារា បានដាក់ពាក្យបណ្ដឹងជាបន្តបន្ទាប់ ដោយចុងក្រោយរាជរដ្ឋាភិបាល បានសម្រេចលប់គម្រោងដោះដូរឲ្យក្រុមហ៊ុន វិញដោយសម្រេចយកដីមុខផ្សារខាងលើនេះ មកធ្វើជាសម្បត្តិសាធារណៈរបស់រដ្ឋ តែអាជ្ញាធរ មិនបានប្រគល់មកឲ្យក្រុមហ៊ុន ហេង ដារា គ្រប់គ្រងប្រមូលភាស៊ីវិញនោះទេ បែរជាយកទៅប្រគល់អោយអ្នកផ្សេងគ្រប់គ្រង និងប្រមូលភាស៊ីជំនួស ដោយមិនអនុវត្តទៅតាមច្បាប់ហិរញ្ញវត្ថុនោះឡើយ។
ចុងក្រោយបន្ទាប់ពីក្រុមហ៊ុនប្ដឹងលោក អ៊ុក សំអុល អភិបាលក្រុងបានលុង បំពានសិទ្ធិវិនិយោគ និងអាជីវករប្ដឹងទាមទារដកចេញពីតំណែង និងក្រសួងអធិការកិច្ចចុះស្រាវជ្រាវជាបន្តបន្ទាប់ និងធ្វើរបាយការណ៏ រាយការណ៏ទៅប្រមុខរាជរដ្ឋាភិបាលរួចមក ទើបរាជរដ្ឋាភិបាលបានសម្រេច និងទីស្ដីការគណៈរដ្ឋមន្ត្រី ចេញ ស.ជ.ណ លេខ១០៨៦សជណ.ផក ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៥សម្រេចប្រគល់សិទ្ធិឲ្យ ក្រុមហ៊ុន ហេងដារា បានសិទ្ធិទារភាស៊ីផ្ញើកង់-ម៉ូតូ រថយន្តនៅក្នុង និងក្រៅបរិវេណផ្សារដូចដើមវិញ ហើយលប់កិច្ចសន្យាបណ្ដោះអាសន្នរវាងអាជ្ញាធរក្រុង បានលុងជាមួយលោក ជា គួង ព្រោះកិច្ចសន្យានេះធ្វើឡើង ដោយពុំមានគោលការណ៏ សម្រេចពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរក្សាទីតាំងដី៥៤ម៉ែត្រ គុណ១១០ម៉ែត្រ បម្រើប្រយោជន៏សាធារណៈ សម្រាប់ធ្វើជាចំណតយានយន្តភ្ញៀវជាតិ អន្តរជាតិវិញ។
លុះនៅថ្ងៃទី៣ខែធ្នូ ឆ្នាំ២០១៥ ក្រសួងអធិការកិច្ចបានចេញលិខិតលេខ១៥៨០.១៥ ជម្រាបទៅអភិបាលខេត្តរតនគិរី ស្ដីពីការអនុវត្តខ្លឹមសារលិខិត លេខ១០៨៦.ផក ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៥ របស់ទីស្ដីការគណៈរដ្ឋមន្ត្រីឲ្យមានប្រសិទ្ធិភាពខ្ពស់ ចាប់ពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៥តទៅ ដើម្បីក្រសួងមានលទ្ធផលរាយការណ៏ ជូនប្រមុខរាជរដ្ឋាភិបាល។ ប៉ុន្តែតាំងពីថ្ងៃនោះមកសាលាខេត្ត មិនបានអនុវត្តតាម និងរាយការណ៏នូវលទ្ធផល ជូនក្រសួងនោះឡើយ។ បែរជានៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ លោក ថង សាវុន អភិបាលខេត្តរតនគិរី ចេញសជណលេខ០០៩.១៦ ជម្រាបទៅលោក សា លាង ឲ្យផ្អាកសកម្មភាពចុះប្រមូលភាស៊ី ផ្ញើកង់ ម៉ូតូរថយន្តនៅក្រៅបរិវេណផ្សារបានលុងដោយសំអាងថា ទីតាំងនេះកំពុងមានទំនាស់មានភាពមិនច្បាស់លាស់ទៅវិញ តែខ្លឹមសារផ្សេងៗទៀត គឺណែនាំឲ្យក្រុមហ៊ុន អនុវត្តនូវខ្លឹមសារមួយចំនួនទៀត ដែលក្រុមហ៊ុនបានអនុវត្តតាំងពីទទួលបានសិទ្ធិវិនិយោគ តាំងពីឆ្នាំ២០០៨មកម្ល៉េះ។
ពាក់ព័ន្ធទៅនឹងចំណាត់ការមិនអនុវត្តឲ្យបានលឿនទៅតាម ស.ជ.ណ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី របស់អភិបាលខេត្តរតនគិរី ហើយបែរជាចេញ ស.ជ.ណ ផ្ទុយវិញ ខាងលើនេះត្រូវបានគេមើលឃើញថា គ្មានអ្វីក្រៅតែពីរឿងផលប្រយោជន៏នោះឡើយ ព្រោះកន្លងមកក្រៅពីគេឃុបឃិតគ្នា រត់ការយកដីមុខផ្សារ ទៅលក់ឲ្យអ្នកផ្សេង សង់ផ្ទះល្វែង និងបន្ទាប់ពីរាជរដ្ឋាភិបាលសម្រេចរឹបអូស យកមកធ្វើជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋវិញរួចមកទីតាំងដីមុខ និងក្រៅបរិវេណផ្សារនេះអាជ្ញាធរខេត្តមិនប្រគល់ មកឲ្យក្រុមហ៊ុនគ្រប់គ្រងទារភាស៊ី និងធ្វើកន្លែងផ្ញើយានយន្តដូចដើមវិញនោះទេ គឺគេឃុបឃិតគ្នាយកទៅជួលឲ្យអ្នកផ្សេង ដើម្បីយកលុយចែកគ្នា ដោយបង់ចូលថវិកាខេត្តតិចតួចខុសទៅនឹងច្បាប់ ហិរញ្ញវត្ថុទៀតផង។ មិនតែប៉ុណ្ណោះនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៤ លោក ថង សាវុន ថែមទាំងធ្វើលិខិតទៅ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្នើសុំយកដីមុខផ្សារនេះ ទំហំ១០០ម៉ែត្រ គុណ៤០ម៉ែត្រ ទៅឲ្យក្រុមហ៊ុនផ្សេង សម្រាប់សាងសង់ស្តង់លក់ដូរ ក្នុងកុងត្រារយៈពេល៥០ឆ្នាំថែមទៀត។
ចំណែកលោក អ៊ុក សំអុល អភិបាលក្រុងបានលុង កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៥ បានចុះកិច្ចព្រមព្រៀងដោយយកដីជុំវិញផ្សារ ក្នុងទំហ៊ំ៤៥ម៉ែត្រ គុណ១១០ម៉ែត្រ ទៅជួលឲ្យឈ្មោះជាគួងប្រមូលភាស៊ី ជួលដីឲ្យអាជីវករលក់ដូរ ផ្ញើយានយន្តព្រមទាំងប្រមូលសម្រាម និងយកលុយថ្លៃសម្រាមក្នុង១ថ្ងៃ បង់អោយសាលាក្រុងចំនួន៥០ម៉ីនរៀល ក្រោមរូបភាព «បណ្ដោះអាសន្ន» ដោយគ្មានឆ្លងកាត់លទ្ធកម្មសាធារណៈ ឬមានការសម្រេចពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនោះឡើយ ដែលជាការឃុបឃិតគ្នា ដើម្បីផលប្រយោជន៏តែប៉ុណ្ណោះ។
ទង្វើចង់បានដីជុំវិញផ្សារយកទៅជួលឲ្យអ្នកផ្សេង និងផលប្រយោជន៏ ដែលបានមកពីការអនុញ្ញាតឲ្យឈ្មោះ ជា គួង គ្រប់គ្រងប្រមូល ផលប្រយោជន៏ពីបរិវេណដីរដ្ឋនៅ ជុំវិញផ្សារ បំពានលើសិទ្ធិវិនិយោគរបស់ក្រុមហ៊ុន ហេងដារា ខាងលើនេះហើយដែលនាំឲ្យគេសង្ស័យថា ជាដើមចមដែលអាជ្ញាធរខេត្ត មិនព្រមអនុវត្តតាម ស.ជ.ណ របស់ទីស្ដីការគណៈរដ្ឋមន្ត្រីឲ្យបានលឿន ហើយនៅតែចាត់ទុកថា ទំនាស់នៅមិនទាន់ដោះស្រាយចប់ទៅវិញ។
តាមព័ត៏មានពីមន្ត្រីនៅខេត្តរតនគិរីបានបង្ហើបឲ្យដឹងថា ប៉ុន្មានថ្ងៃនេះមានការចោទប្រកាន់ពីអាជ្ញាធរខេត្តថា ភាគីក្រុមហ៊ុនមិនបានអនុវត្តតាម សជណរបស់សាលាខេត្ត ខណៈភាគីក្រុមហ៊ុនបានអះអាងថា បើអនុវត្តតាម ស.ជ.ណ របស់សាលាខេត្តជាពិសេស ត្រង់ចំណុចទី១ មានន័យថា ក្រុមហ៊ុនប្រឆាំងនឹង ស.ជ.ណ របស់រាជរដ្ឋាភិបាល ព្រោះរាជរដ្ឋាភិបាល បានសម្រេចបញ្ចប់ទំនាស់ទាំងស្រុង បែរជាខេត្តថា នៅមានទំនាស់ទៅវិញ៕