(បន្ទាយមានជ័យ)៖ ឆ្នាំ២០២០នេះ ខេត្តបន្ទាយមានជ័យ បានជួបគ្រោះមហន្តរាយធម្មជាតិធំ។ ឆ្លើយតបទៅនឹងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពិសេសឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ, អាជ្ញាធរខេត្តបន្ទាយមានជ័យ បានដាក់ចេញវិធានការដល់បណ្តាគ្របអ្នកពាក់ព័ន្ធ អភិបាលក្រុង-ស្រុកទាំង៩ ត្រូវមានវិធានការរក្សាទឹកទុកប្រើប្រាស់នារដូវប្រាំងពេលខាងមុខ។
ការដាក់ចេញវិធានការនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ដែលដឹកនាំដោយលោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុំ រាត្រី អភិបាលខេត្ត រួមនឹងមានការចូលរួមពីសំណាក់សមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំខេត្ត អ្នកពាក់ព័ន្ធបានចូលរួម នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០។
ជាមួយគ្នានេះដែរ លោកអភិបាលខេត្ត បានជំរុញអភិបាលក្រុងស្រុក ត្រូវមានវិធានត្រៀមក្នុងការថែរក្សាទឹកទុកសម្រាប់ប្រើប្រាស់នៅពេលខាងមុខ បើទោះបីជាឆ្នាំនេះ ខេត្តបន្ទាយមានជ័យ រងគ្រោះធ្ងន់ធ្ងរដោយសារតែទឹកជំនន់ក៏ដោយ ក៏យើងមិនត្រូវព្រងើយកន្តើយឡើយ ត្រូវអប់រំផ្សព្វផ្សាយណែនាំដល់បងប្អូនប្រជាពលដ្ឋនៅតាមមូលដ្ឋានមេត្តាយកចិត្តទុកដាក់ក្នុងការថែរក្សាទឹក នៅតាមស្ទឹង បឹង បួរ ដើម្បីប្រើប្រាស់ឱ្យបានគ្រប់ៗរដូវកាល។
លើសពីនេះទៅទៀត អភិបាលខេត្ត ក៏ណែនាំដល់អាជ្ញាធក្រុង-ស្រុក ណែនាំ និងជំរុញឱ្យប្រជាពលរដ្ឋបន្តដាំដុះដំណាំរួមផ្សំបន្ថែមទៀត និងការចិញ្ចឹមសត្វផ្សេងៗ ដើម្បីជួយទ្រទ្រង់ជីវភាព រស់នៅប្រចាំថ្ងៃ ដោយសារតែបច្ចុប្បន្ននេះស្ថានភាពអាកាសធាតុ មានការប្រែប្រួលធ្វើឱ្យយើងជួបបញ្ហាគ្រោះរាំងស្ងួត និងទឹកជំនន់។
យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ គិតត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ ស្ថានភាពទឹកបានចាប់ផ្តើមស្រកចុះហើយ ដែលបណ្តាសង្កាត់នីមួយៗ ដែលរងការលិចលង់ខ្លាំង ប្រជាពលរដ្ឋបានវិលត្រលប់ទៅគេហដ្ឋានវិញបណ្តើរហើយផងដែរ។
ចំពោះផលប៉ះពាល់មានចំនួន ៩ក្រុង-ស្រុក ៦០ឃុំ/សង្កាត់ ក្នុងនោះមានករណីលង់ទឹកស្លាប់ ២៨នាក់ (កុមារ៥នាក់) ប៉ះពាល់លំនៅដ្ឋានសរុប ៤៨,៧២៩ខ្នង មនុស្សរាយ ១៩២,២៤០នាក់/ស្រី ៩៧,៨០៦នាក់ បានជម្លៀសពលរដ្ឋទៅទីទួលសុវត្ថិភាពចំនួន ៥,៥១៥គ្រួសារ (ស្មេីនឹង២០,៦១៦នាក់/ស្រី១០,៦០៨នាក់) លិចស្រែអស់ចំនួន ៧០,៤៦៤ ហិកតា ដីឡូងមី ១២,៨៤៦ហិកតា ដំណាំរួមផ្សំមាន៦៩២ ហិកតា សាលារៀន ១១៩សាលា (ត្រូវបានផ្អាកការសិក្សាបណ្តោះអាសន្ន) មណ្ឌលសុខភាព ៩កន្លែង វត្ត៧២ សាលាឃុំ៥ ផ្លូវ១,០២២កន្លែង (ប្រវែង៧៩៤,៩៤៤ម៉ែត្រ) លិចអណ្តូងស្នប់ចំនួន៥៤កន្លែង៕