Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កូរ៉េខាងត្បូង បាញ់ព្រមានទូកល្បាតកូរ៉េខាងជើង ដែលឈ្លានពានដែនសមុទ្រលឿង

08-02-2016 10:05

(សេអ៊ូល)៖ ទូកល្បាតមួយគ្រឿង របស់យោធាកូរ៉េខាងជើង ត្រូវបានយោធាល្បាតដែនសមុទ្រកូរ៉េខាងត្បូង អះអាង នៅថ្ងៃចន្ទ ទី០៨ ខែកុម្ភៈ នេះថា បានឈ្លានពានចូលដែនទឹកសមុទ្រលឿង (Yellow Sea) ដែលត្រូវបានចាត់ទុក ជាខ្សែបន្ទាត់ បែងចែកព្រំដែនទឹកស្របច្បាប់រវាងកូរ៉េទាំងពីរ។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន កូរ៉េខាងត្បូង យ៉ុនហាប់។

ព័ត៌មានខាងលើបន្តទៀតថា ទូកល្បាតកូរ៉េខាងជើង បានឆ្លងកាត់ខ្សែបន្ទាប់កំណត់ព្រំដែនខាងជើង (NLL) ចូលមកក្នុង ដែនទឹកកូរ៉េខាងត្បូង នៅព្រឹកថ្ងៃចន្ទនេះ ហើយយោធាជើងទឹកកូរ៉េខាងត្បូង បាញ់កាំភ្លើងព្រមានឲ្យទូកនោះ ត្រឡប់ទៅក្នុងដែនទឹករបស់ខ្លួនវិញ។

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យម្សិលមិញនេះ កូរ៉េខាងជើង បាញ់គ្រាប់រ៉ុក្កែត ដឹកនាំផ្កាយរណបមួយគ្រឿងទៅកាន់គន្លងតារាវិធី ដែលទីក្រុងព្យុងយ៉ាង អះអាងថា វាជាផ្កាយរណបអង្កេតផែនដី។ ប្រការនេះបាននាំឲ្យអន្តរជាតិ ធ្វើការរិះគន់ធ្ងន់ៗ មកលើកូរ៉េខាងជើងដែលហ៊ានបំពានច្បាប់ អន្តរជាតិយ៉ាងគឃ្លើននោះ៕