(ព្រៃវែង)៖ សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ដោយដកស្រង់សម្ដីរបស់អាជ្ញាធរ បានឲ្យដឹងនៅរសៀលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា ករណីអគ្គិភ័យឆេះផ្សារកំពង់ពពិល ស្ថិតក្នុងភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង ទំហំនៃការខូចខាតស្ទើទាំងស្រុង ខណៈគិតជាទឹកប្រាក់ អស់ប្រមាណជាង១លានដុល្លារ។
សេចក្ដីរាយការណ៍បានបញ្ជាក់ថា នៅព្រឹកមិញនេះ លោក សួន សុម៉ាលីន អភិបាលរងខេត្តព្រៃវែង បានដឹកនាំមន្ដ្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យស្ថានភាព និងសិក្សាវាយតម្លៃទំហំ នៃការខូតខាត ។ ជាលទ្ធផលបញ្ជាក់ថា អគ្គិភ័យបំផ្លាញតូបអស់ ៧៥តូប ក្នុងចំណោមតូបរបស់ផ្សារចំនួន៩៦តូប និងគិតជាទឹកប្រាក់អស់ ១លាន៨ម៉ឺនដុល្លារអាមេរិក។
ក្នុងនាមរដ្ឋបាលខេត្ត លោក សួន សុម៉ាលីន បានសម្ដែងនូវការសោកស្ដាយយ៉ាងខ្លាំង ចំពោះគ្រោះអគ្គីភ័យដែលបានបណ្ដាលឲ្យឆេះផ្សារកំពង់ពពិល និងអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងខេត្តព្រៃវែង សូមចូលរួមប្រុងប្រយ័ត្នគ្រប់ពេលវេលា ចំពោះគ្រោះអគ្គិភ័យដែលអាចកើតមានឡើងជាយថាហេតុ និងសូមមន្ត្រីផ្នែកពន្លត់អគ្គីភ័យក្នុងខេត្តទាំងអស់ ត្រូវបន្តអប់រំ និងណែនាំដល់សាធារណជនអំពីវិធីបង្ការ និងពន្លត់អគ្គីភ័យផងដែរ។
គួរជម្រាបថា អគិ្គភ័យដែលបានឆាបឆេះផ្សារកំពង់ពពិលនេះ គឺបានកើតឡើងនៅវេលាម៉ោងប្រមាណជាង៩យប់ រហូតដល់ម៉ោង ១២៖៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ ទើបស្ថានការអាចគ្រប់គ្រងបានវិញទាំងស្រុង។ ចំពោះមូលហេតុនៃការឆេះនេះ បណ្ដាលមកពីទុស្សេខ្សែភ្លើង។
កម្លាំងសមត្ថកិច្ចអាជ្ញាធរទាំងនៅខេត្តព្រៃវែង និងខេត្តកណ្តាល បានរួមគ្នាចុះអន្តរាគមន៍បន្ទាន់ រហូតដល់អាចពន្លត់ទាំងស្រុង ដោយប្រើប្រាស់ឡានទឹកអស់ចំនួន២១គ្រឿង មកពីខេត្តព្រៃវែង ខេត្តកណ្តាល, ក្រុមហ៊ុន 7NG និងឡានទឹករបស់ក្រុមហ៊ុន OCIC មកពីជ្រោយចង្វារផងដែរ៕